ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​នៅខេត្តកែប​ ទទួលបានបណ្ណសមធម៌​ប្រកបដោយតម្លាភាព​

ខេត្តកែប ៖ នៅថ្ងៃអាទិត្យ​ទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ រួមដំណើរដោយ​ លោក​ លោកស្រីអភិបាលរងខេត្ត​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ អាជ្ញាធរក្រុងកែប​ និងមន្រ្តីពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ព្រៃធំ​ និងសង្កាត់អូរក្រសារ​ ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក្ខនេះ​ ឯកឧត្តម​អភិបាលខេត្ត​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោជាប្រមុខ​ តែងតែខ្វល់ខ្វាយ​អំពីសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋទូទៅ​ ជាក់ស្តែងពេលនេះបងប្អូនយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ធ្វើឲ្យប្រាក់ចំណូលរបស់បងប្អូនមានការធ្លាក់ចុះ​ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ មានគោលការណ៍ផ្តល់ប្រាក់ឧបត្តម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ​ដែលចេញដោយអាជ្ញាធរ មានសុពលភាព​ និងឆ្លងកាត់ការពិនិត្យត្រឹមត្រូវតាមបច្ចេកទេស​របស់ក្រសួងផែនការ​។

ឯកឧត្តម​ បានបន្ថែមទៀតថា​ ចំពោះបងប្អូនដែលមានជីវភាពក្រីក្រ​ តែមិនទាន់ទទួលបានបណ្ណក្រីក្រី​ សូមរួសរាន់​ ដាក់ពាក្យស្នើសុំសម្ភាសន៍​នៅអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ​ ករណីដែលពិនិត្យ​ និងសម្ភាសន៍​តាមបច្ចេកទេស​ ជាប់ថាក្រីក្រពិតប្រកដ​ ដើម្បីរាជរដ្ឋាភិបាលចេញបណ្ណក្រីក្រជូនយកទៅប្រើប្រាស់​។ បណ្ណក្រីក្រនេះ​ មិនត្រឹមតែយកទៅបើកប្រាក់ឧបត្តម្ភ​ តែមួយមុខនោះទេ​ គឺយកទៅព្យាបាលជំងឺ និងទទួលសេវាសង្គមផ្សេងៗ​ ដោយមិនគិតសេវានោះឡយ​។

តាមរបាយការណ៍របស់មន្ទីរផែនការខេត្ត​ រាយការណ៍ដោយ​ លោក​ គង់ សាវ៉ាត បញ្ជាក់ថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រដែលស្នើសុំសម្ភាសន៍​ ជាប់ជាគ្រួសារក្រីក្រ មានចំនួន ៣៤២គ្រួសារ ក្នុងនោះ ក្រកម្រិត១​ មានចំនួន​១១៤គ្រួសារ ក្រកម្រិត២​ មានចំនួន២២៨គ្រួសារ។ ដោយឡែកទិន្នន័យគ្រួសារក្រីក្រ​ដែលមានបណ្ណកាលពីឆ្នាំ២០១៧ មានចំនួន ១,៤២១គ្រួសារ ត្រូវបានធ្វើបច្ចុប្បន្នភាព និងសម្រេចដកបណ្ណក្រីក្រចេញ​ ចំនួន ១៧៣គ្រួសារ ដោយគ្រួសារទាំងនេះមានជីវភាពប្រសើរឡើងវិញ​។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត​បានអំពាវនា​វសូមឲ្យបងប្អូន​ ត្រូវមានអនាម័យខ្លួនប្រាណ​ រក្សាគន្លា​តសង្គម​ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល​ ដើម្បីជៀសឆ្ងាយពីការឆ្លងជំកូវីដ១៩​ ក្នុងសង្គម​ជាតិយើង​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *