ព័ត៌មានជាតិ

ស្ពានឈើចាស់​ទ្រុឌទ្រោម​​មួយកន្លែង​ត្រូវអាជ្ញាធរសហការគ្នាជួសជុល​រួច​រាល់

សៀមរាប​៖​ស្ពានឈើ​មួយ​ដែល​ស្ថិត​ក្នុងភូមិ​ស្រែ​សមុទ្រ​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​ដែលមាន​សភាព​ទ្រុឌទ្រោម​ត្រូវ​រដ្ឋបាល​ស្រុក​វ៉ារិន​រួមសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​វ៉ារិន​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​លោក​ធិ​ន​នី​វិ​ធូរ​អភិបាលស្រុក​វ៉ារិន​បាន​និយាយថា​ស្ពានឈើ​មួយកន្លែង​ដែលមាន​ប្រវែង​៣៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​បាក់​ទ្រេត​សសរស្ពាន​មិនអាច​ធ្វើដំណើ​បាន​រយៈកាល​កន្លងមក​។​

ឥឡូវ​ត្រូវបាន​រដ្ឋបាល​ស្រុក​វ៉ារិន​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​វ៉ារិន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​ឃុំ​រដ្ឋបាល​ឃុំ​ស្រែ​ណូយ​បាន​សាមគ្គី​គ្នា​ចូលរួម​ជួសជុល​ស្ពាន​ស្រែ​សមុទ្រ​នេះ រួចរាល់​ជា​ស្ថាពរ​។​

​លោក​បានឱ្យដឹង​ទៀតថា​ស្ពានឈើ​នេះ​កន្លងមក​គឺ​នៅ​រដូវប្រាំង​ទឹកស្ទឹង​ស្រក​អស់​ប្រជាពលរដ្ឋ​គាត់​ធ្វើដំណើរ​ចុះ​វាង​ក្នុង​ស្ទឹង​។​ប៉ុន្តែ​ដល់​រដូវវស្សា​ទឹកស្ទឹង​ចាប់ផ្ដើម​ឡើង​បន្តិច​ម្តងៗ​ធ្វើ​ពួកគាត់​ពិបាកធ្វើ​ដំណើរ​។​ការ​ជូ​ស​ជុល​ស្ពាន​នេះ​បាន​ចំណាយ​សរុប​ជា​ថវិកា​ចំនួន​៩.០២៥.៦០០​រៀល​ទៅលើ​ការទិញ​ឈើ​សម្ភារ​និង​អាហារ​ដែល​ថវិកា​ទាំងនេះ​បានមកពី​ការចូលរួម​ពី​អា​ជីករ និង សប្បុរសជន​ក្នុងស្រុក ។​

​លោក​អភិបាលស្រុក​វ៉ារិន​បានឱ្យដឹង​ទៀតថា​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​ដែល​បានមកពី​ការចូលរួម​សហការ​និង​សាមគ្គី​គ្នា​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​ដូច្នេះ​តាមរយៈ​នេះ​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​សូមជួយ​ថែរក្សា​ស្ពាន​នេះ​ដើម្បី​ជា​ប្រយោជន៍​រួម​ក្នុងការ​បម្រើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន ៕

  

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *