ព័ត៌មានជាតិ

ខេត្ត​សៀមរាប​​គ្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​សំរាម​ដ៏​ធំ​​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៧០​លាន​ដុល្លារ

សៀមរាប​៖​អាជ្ញាធរគ្រោង​នឹង​វិនិយោគ​រោងចក្រ​កែច្នៃ​សំរាម ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត សៀមរាប ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៧០​លាន​ដុល្លារ​។​ការបង្កើត​រោងចក្រ​កែច្នៃ​សំរាម​នេះ គឺ​បន្ទាប់ពី​បាន​មើលឃើញថា សំរាម​នៅ​ខេត្ត​មួយ​នេះ​កាន់តែ​កើនឡើង​ដែលមាន​៤៨០​តោន​ក្នុង​មួយថ្ងៃ និង​អាច​ឈានដល់​៦០០​តោន​ក្នុង​មួយថ្ងៃ អំឡុង​ឆ្នាំ​២០២២​។​

​លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី ២២​ខែកក្កដា​ឆ្នាំ​២០២០​ថា គម្រោង​នេះ​យើង​បាន​សិក្សា​រួចហើយ​ក្រុមការងារ​បានធ្វើ​បទ​បង្ហាញជូន​ក្រុមប្រឹក្សា​ហើយ​ដែរ​។​ជំ​ហ៊ាន​បន្ទាប់​លោក​អភិបាលខេត្ត​និង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​។​ព្រោះ​គម្រោង​នេះ​ធំ​ចឹ​ង​មិន​ស្ថិតនៅក្រោម​ខេត្ត​នោះទេ បើ​ត្រឹម​២​លាន​ដុល្លារ​ចុះ​ទើប​ថ្នាក់​ខេត្ត​។

​លោក​បន្តថា​ប្រសិនបើ​មិនមាន​អ្វី​រាំងស្ទះ​នោះទេ​ដើមឆ្នាំ​២០២១​នឹង​ចាប់ផ្តើម​សាងសង់​ហើយ​នៅលើ​ផ្ទៃដី​ក្នុង​ចន្លោះ​៦,៥​ទៅ​៣០​ហិកតា​ចម្ងាយ​ពី​២០​ទៅ​៣០​គីឡូម៉ែត្រ​ពី​ប្រជុំជន​ផ្នែក​ខាងលិច​ឬ​ខាងកើត​នៃ​ខេត្ត​។​ដោយ​ប្រើ​រយៈពេល​១៨​ខែ​ក្នុង​ការសាងសង់​។​

គម្រោង​នេះ​មាន​ទាំង​សេវា​ដឹកជញ្ជូន​សេវា​ចាក់សំរាម​នៅ​ទីលាន​សេវា​ដុត​សំរាម​រួមទាំង​សេវា​សម្អាត​។​ល​។​ដូច្នេះ​អាច​ចំណាយ​ថវិកា​ប្រហែល​៧០​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ​ព្រោះ​ក្រៅពី​ធ្វើ​រោងចក្រ​ដុត​សំរាម​យើង​រៀបចំ​ជា​សួនច្បារ​ដែល​មើលទៅ​ឃើញ​ដូចជា​អាគារ​ធ្វើការ​អីចឹង​។​

​លោក​អភិបាល​បន្ថែមថា​គម្រោង​នេះ​ជាកា​រវិ​និ​យោង​ដោយ​ក្រុមហ៊ុន​បរទេស​លើ​ប្រតិបត្តិ​ការរក្សា​បរិស្ថាន​ដោយ​ការបង្កើត​រោងចក្រ​ដុត​សំរាម​ដើម្បី​ផលិត​ជា​ឋា​ម​ពល​អគ្គិសនី​។​ក្រៅពីនោះ​យើង​ក៏​អាច​កែច្នៃ​សំរាម​ឱ្យទៅជា​ថ្ម​សម្រាប់​ជួសជុល​ឬ​សាងសង់​ផ្លូវថ្នល់ ក៏ដូចជា​ជីធម្មជាតិ​ផ្សេងទៀត​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​តាមពិត​ការងារ​នេះ​គឺ​បាន​សិក្សា​ជិត​២​ឆ្នាំ​រួចមកហើយ​ទម្រាំ​មាន​ថ្ងៃនេះ​។​ក្រុង​ទេសចរណ៍​មួយ​នេះ​សំខាន់​ណាស់​ចំពោះ​បរិស្ថាន​។​ក្នុងនោះ​យើង​គិត​ទាំ​លើ​ទាំង​ក្រោម​ដូចជា​ប្រភពទឹក​ស្អុយ​ជាដើម​។​សរុបមក​ការប្រមូល​សំរាម​និង​ការរៀបចំ​បរិស្ថាន​គឺ​នឹងត្រូវ​កែទម្រង់​ថ្មី​វិញ​ទាំងអស់​។​

យោងតាម​ការបញ្ជាក់រ​បស់​លោក​អភិបាលក្រុង​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ​អាចជា​ខេត្ត​ដែលមាន​សោភ័ណភាព​ផ្នែក​បរិស្ថាន​លើសគេ​និង​ជា​ខេត្ត​ដែលមាន​រោងចក្រ​កែច្នៃ​សំរាម​មុនគេ​នៅ​ប្រទេស​កម្ពុជា​៕

  

cbn

Leave a Reply

Your email address will not be published. Required fields are marked *