ព័ត៌មានជាតិ

អភិបាលខេត្តកំពតអញ្ជើញចែកបណ្ណសមធម៌ជូនគ្រួសារក្រីក្រនៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច

ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ៤ កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងគណៈអភិបាលស្រុកមន្ត្រីរាជការ​ សាលាស្រុកកំពង់ត្រាចបានអញ្ជើញចូលរួមចែកបណ្ណសមធម៌ជូនគ្រួសារក្រីចំនួន ៦២ គ្រួសារ​ ស្ថិតនៅក្នុងភូមិទាំង៥ នៃឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។

ក្រោយពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម មឿង គង្គា ប្រធានមន្ទីរផែនការខេត្ត ពីដំណើរការនៃការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រឃុំស្វាយទងខាងត្បូង រួចមក​ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនគ្រួសារក្រីក្រ ដែល មកទទួលបណ្ណសមធម៌នាពេលនេះថា៖ ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងសេវាគាំពារសង្គម ជាពិសេសដំណាក់កាលឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យសេវាកម្ម នាំឲ្យបាត់បង់ការងារខ្លះរបស់ប្រជាពលរដ្ឋ ដើម្បីជួយស្រោចស្រង់វិស័យនេះ សម្តេចបានបញ្ចេញនូវសាច់ប្រាក់ផ្តល់ជូនប្រជាពលរដ្ឋតាមរយៈការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ។

ដោយឡែកនៅឃុំស្វាយទងខាងត្បូង ការកំណត់នូវអត្តសញ្ញាណកម្មគ្រួសារក្រីក្របានធ្វើឡើងត្រឹមត្រូវ មានតម្លាភាព និងមានសមធម៌ នៅក្នុងដំណាក់កាលកូវីដ-១៩ នេះ ជាលទ្ធផលក្រុមការងារកំណត់បាននូវគ្រួសារដែលក្រីក្រពិតប្រាកដចំនួន ១១០គ្រួសារ ក្រប្រភេទមួយ​ ចំនួន២៨គ្រួសារ ក្រប្រភេទពីរ​ ចំនួន៨២គ្រួសារ អាជ្ញាធរឃុំ បានចែកបណ្ណជូនប្រជាពលរដ្ឋកន្លងមកបានចំនួន៤៨គ្រួសាររួចមកហើយ និងនៅពេលនេះ ចែកជូន ចំនួន ៦២គ្រួសារបន្ថែមទៀតដោយក្នុងនោះមាន ក្រប្រភេទ១ចំនួន ៧គ្រួសារ និងក្រប្រភេទ២ចំនួន ៥៥គ្រួសារ ។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើបងប្អូនគ្រួសារទាំងអស់ដែលមកទទួលយកបណ្ណសមធម៌នាពេលនេះថា សូមរក្សាទុកបណ្ណសមធម៌នេះឲ្យបានល្អ ព្រោះថា បណ្ណនេះមិនត្រឹមតែអាចយកមកប្រើប្រាស់សម្រាប់បើកប្រាក់ប្រចាំខែនោះទេ ប័ណ្ណនេះអាចយកទៅប្រើប្រាស់តាមការចាំបាច់ដូចជា ការពិនិត្យ និងព្យាបាលសុខភាព នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយមិនគិតថ្លៃ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានឃុំស្វាយទងខាងត្បូងនេះ ជំរុញការចិញ្ចឹមសត្វគ្រប់ប្រភេទ ពិសេសវារីវប្បកម្មឲ្យបានច្រើនឡើងទ្វេរដង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *