ព័ត៌មានជាតិ

បែកធ្លាយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីដាក់ពាក្យប្តឹងប្រធានខ្លួនទៅ ACU ប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងរដ្ឋមន្រ្តីក្រសួងកសិកម្

ខេត្តរតនគិរី ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ ត្រូវកូនចៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចំនួន៣ច្បាប់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់លើកទឹកចិត្ត ដែលត្រូវបែងចែកឲ្យកូនចៅក្រោមឱវាទ យកចាយវាយម្នាក់ឯង។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកនាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹងចូលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានដាក់ពាក្យបណ្ដឹងចូលទៅកាន់ឯកឧត្ដមទេសរដ្ឋមន្រ្តីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្ដឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ស្ដីពីករណីមិនប្រក្រតីក្នុងការដឹកនាំ ប្រព្រឹត្តអំពើពុករលួយ ក្នុងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត (ប្រាក់អប្បហារ) ពាកព័ន្ធទៅនឹងលិខិតស្នើសុំប្រាក់ចំនួន៥ច្បាប់ ស្នើសុំទៅ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ តាមរយៈលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី យកមកបែងចែកឲ្យកូនចៅតិចតួច រួចកិបកេងយកចាយវាយម្នាក់ឯង។

បើយោងតាមលោក សេង សុងហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានឲ្យដឹងថា ប្រាក់លើកទឹក (ប្រាក់អប្បហារ) ដែលត្រូវបែងចែកឲ្យកូនចៅក្រោមឱវាទ លោកតែងតែលាក់លាម តាំងពីឆ្នាំ២០១៦ រហូតមក ក៏ប៉ុន្តែចាប់បែកធ្លាយរឿងមិនប្រក្រតីប្រាក់លើកទឹកចិត្តនេះ ចាប់ពីខែមីនា ឆ្នាំ២០២០ មកដល់ខែឧសភា ឆ្នាំ២០២០។

លោកបញ្ជាក់ថា ពេលលោកធ្វើស្រាវជ្រាវទៅ ទើបដឹងថា គិតចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ ទឹកប្រាក់លើកទឹកចិត្តជាង៣រយលាន (ជាងបីរយលាន) ត្រូវបានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើកិបកេងស៊ីដាច់តែម្នាក់ឯង។ លោកនាយរងខណ្ឌបានបញ្ជាក់ទៀតថា ប្រាក់ដែលលោកនាយខណ្ឌយកមកបែងចែកនោះតិចតួចបំផុត ចំពោះប្រាក់លើកទឹកចិត្តដែលត្រូវបាន ហើយប្រាក់ដែលលោកយកមកបែងចែក គឺចែកតាមមនុស្សមាន៣ប្រភេទ គឺអ្នកដែលពូកែរុកគួន (ដេញដោលច្រើន) បានច្រើន អ្នកមិនពូកែដេញដោលបានតិច និងមានអ្នកមិនបានសោះក៏មានដែរ។

ជុំវិញករណីចោទប្រកាន់ខាងលើនេះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបានឲ្យក្រុមអ្នកសារព័ត៌មានជួបនៅបន្ទប់ការិយាយផ្ទាល់ខ្លួនលោក កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះដោយបញ្ជាក់ថា ប្រាក់លើកទឹកចិត្តដែលលោកបែងចែកនោះ គឺលោកចែកតែអ្នកបង្ក្រាបបទល្មើស និងអ្នកបង្ក្រាបបទល្មើសសកម្មតែប៉ណ្ណោះ។

លោកបន្តទៀតថា ករណីនេះ បន្ទាប់ពីមានការប្ដឹង អធិការកិច្ចក្រសួង ក៏បានចុះមកអង្កេតរួចហើយ លទ្ធផលយ៉ាងណានោះ សូមរង់ចាំលទ្ធផលចេញមកសិន។

ជាមួយគ្នានេះ មន្ត្រីដែលកើតទុក្ខមិនសុខចិត្តរឿងប្រាក់លើកទឹកចិត្ត (ប្រាក់អប្បហារ) រហូតឈានដល់ដាក់ពាក្យបណ្តឹងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំនួន ៣ ខាងលើ ដើម្បីស្វែងរកយុត្តិធម៌នោះ នាំគ្នាទន្ទឹងចាំទទួលលទ្ធផលពីថ្នាក់ដឹកនាំកំពូលទាំង៣៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *