អន្តរជាតិ៖មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់និងជាង១០០នាក់រងរបួស នៅពេលយន្តហោះដឹកអ្នកដំណើរនៃក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាAir India Express ដែលដឹកជនជាតិឥណ្ឌាជាប់នៅបរទេសដោយសារកូវីដ១៩នោះ បានរត់ធ្លាក់ចេញពីផ្លូវក្នុងពេលមានភ្លៀងធ្លាក់នៅជិតទីក្រុង កូស៊ីកូដេ កាលពីយប់ថ្ងៃសុក្រ ទី៧ខែសីហាឆ្នាំ២០២០។
យន្តហោះBoeing-737នេះដឹកអ្នកដំណើរនិងសមាជិកយន្តហោះសរុប១៩០នាក់ មកពីក្រុងឌុយបៃ នៅមជ្ឈិមបូព៌ា ក្នុងនោះមានទារកទារិកា១០នាក់ផងដែរ។រូបភាពទូរទស្សន៍បានបង្ហាញបុគ្គលិកជួយសង្គ្រោះបានរើកកាយគំនរខ្មោចយន្តហោះនៅក្នុងពេលភ្លៀងកំពុងធ្លាក់។យន្តហោះបានបាក់ជាពីរកំណាត់បន្ទាប់ពីពោះយន្តហោះរយះពេលវាធ្លាក់ចូលប្រឡាយជម្រៅ១០ម៉ែត្រនៅខាងក្រោម។
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលឥណ្ឌា លោកហាឌីប ស៊ីង ពូរី បានប្រាប់សារព័ត៌មាន DD Newsថា «ដោយសារអាកាសធាតុ យើងមិនអាចចុះយន្តហោះនេះទេនៅគ្រាដំបូង ។ដូច្នេះអ្នកបើកបានហោះក្រឡឹងច្រើនជុំ មុនសម្រេចចិត្តចុះចតជាថ្មីចេញពីទិសផ្សេង»។លោកពូរី បានឱ្យដឹងទៀតថា អាជ្ញាធរបានព្យាយាមសង្គ្រោះអ្នកដំណើរភាគច្រើនបំផុត ដោយសារតែយន្តហោះមិនបានផ្ទុះឆេះនៅពេលវាធ្លាក់ចូលជំរាលផ្លូវ។
ការិយាល័យអភិបាលរដ្ឋ កេរ៉ាឡា កន្លែងដែលយន្តហោះធ្លាក់ បាននិយាយថា មនុស្ស១៧នាក់បានស្លាប់និង១៧៣នាក់រងរបួស។វាជាគ្រោះថ្នាក់អាកាសចរណ៍អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០១០ នៅពេលយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Air India Expressមួយទៀតមកពីឌុយបៃដូចគ្នាបានចុះធ្លាក់ផ្លូវនៅក្រុងម៉ាន់ហ្កាឡ័រនិងធ្លាក់ចុះជំរាលភ្នំសម្លាប់មនុស្ស១៥៨នាក់៕