អាមេរិក ៖ លោក ចូ បៃដិន (Joe Biden) បាននិយាយថា ការដែលប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បដិសេធមិនទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្ដាហ៍មុននោះ គឺជា «ភាពអាម៉ាស់មួយ» ប៉ុន្តែលោក បៃដិន មិនបានចាត់ទុកវាជារឿងសំខាន់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតីជាប់ឆ្នោត លោក បៃដិន បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងវីលម៉ីងតុន (Wilmington) កាលពីថ្ងៃអង្គារថា «និយាយដោយត្រង់ទៅ ខ្ញុំគិតថា វាពិតជាភាពអាម៉ាស់មួយដែល លោក ត្រាំ បដិសេធមិនទទួលស្គាល់បរាជ័យ»។ ប៉ុន្តែលោក បៃដិន ដែលបានធ្វើការទាក់ទងជាមួយមេដឹកនាំបរទេសជាច្រើនរួចស្រេចហើយនោះ បានបញ្ជាក់ថា គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចបានទេ។
ស្របពេលជាមួយគ្នានេះ លោក ត្រាំ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា លោកនឹងឈ្នះនៅទីបំផុតនៅក្នុងការបោះឆ្នោតនេះដែលគេបានព្យាករថា លោកបានចាញ់រួចទៅហើយ។
សូមជម្រាបថា លទ្ធផលបោះឆ្នោតតាមរដ្ឋមួយៗមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេរហូតមកដល់ពេលនេះ ក្នុងគ្រាដែលការរាប់សន្លឹកឆ្នោតជាច្រើនកំពុងបន្តធ្វើឡើង ហើយលទ្ធផលចុងក្រោយនឹងត្រូវបានកំណត់នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតរបស់អាមេរិកជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែធ្នូ៕