ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រួសក្រហមពីរខ្សែ ក្នុងស្រុកអូររាំង

ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដោយស្នើដល់អាជ្ញាធរខេត្ត រួមទាំងថ្នាក់ជាតិ ជួយជួសជុលផ្លូវក្នុងភូមិអណ្តូងក្រឡឹង និងផ្លូវទៅភូមិរការ មានការលំបាក ជាពិសេសនារដូវវស្សា ដើម្បីធ្វើយ៉ាងណា ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅស្រុកអូររាំង នាពេលកន្លងមក នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រួសក្រហមចំនួនពីរខ្សែ ប្រវែងជាង ៣០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលប្រព្រឹត្តទៅនៅភូមិអណ្តូងក្រឡឹង ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានឱ្យដឹងថា ការសាងសង់ផ្លូវគ្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុបចំនួន ៣១,៣០០ម៉ែត្រ ទី១. ផ្លូវទៅភូមិអណ្តូងក្រឡឹង ប្រវែង៧,៣០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងដាក់លូ ០២កន្លែង និងទី២ ផ្លូវទៅភូមិរការ ប្រវែង ២៤,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងនាពេលនេះ គឺជាគម្រោងរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ស្ថាបនាដោយក្រុមតេជោ សៀមរាម។

លោកបន្តថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំងនេះតែម្តង ហើយក៏សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ការស្ថាបនាផ្លូវនេះ ឱ្យទទួលបានជោគជ័យ។ បន្ថែមលើសនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋដូចជា៖ លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំ ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ក៏សូមឱ្យអាជ្ញាធស្រុក និងសមត្ថកិច្ចទាំងអស់ ត្រូវតាមដាន និងក្ដាប់ឱ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេស ពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស និងត្រូវអប់រំណែនាំពួកគាត់ឱ្យបានយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនអំពីវិធានការ នៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។
នាឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអង្ករចំនួន ២តោន មី ផ្តល់ជូនរដ្ឋបាលស្រុកអូរររាំង ដើម្បីចែកចាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកំពុងខ្វះខាតនាពេលបច្ចុប្បន្ន ដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅនៅក្នុងតំបន់ និងពិភពលោក ដោយឡែក សម្រាប់ អ្នកចូលរួមចំនួន ៤០នាក់ ក្នុង១ម្នាក់ ទទួលបានថវិកា ៤ម៉ឺនរៀល សារុង ឫក្រមា។ បន្ទាប់មក លោក អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យអូររាំង ស្ថិតនៅស្រុកអូររាំង ទុកសម្រាប់ដាក់ពលករ ដែលមកពីក្រៅប្រទេស ឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *