ព័ត៌មានជាតិ

ទំនាស់​ពាក្យសំដី​ក្នុង​វង់​ផឹកស៊ី ផ្ទុះហិង្សាប្អូនថ្លៃ កាប់បងថ្លៃ ​ស្លាប់ក្នុង​ថ្លុកឈាម

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេល​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ជា​បង​ប្អូនថ្លៃ ហើយ​ពេល​កំពុង​ផឹកស៊ី​ក៏​ទាស់​ពាក្យសំដី រហូតដល់​ប្អូនថ្លៃ​យក​កាំបិត​កាប់​ទៅលើ​បងថ្លៃ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង២០​ និង​១៥​នាទី​យប់ ស្ថិតក្នុង​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។

​នគរបាល​ស្រុក​ទ្រាំង​បានឲ្យដឹងថា ករណី​ឃាត​កម្មនេះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យន់ រង្សី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរ​បបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​ប្អូនថ្លៃ​) បាន​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត​ទៅលើ​ជនរងគ្រោះ​ជា​បងថ្លៃ ឈ្មោះ សោ វុទ្ធី ភេទ​ប្រុស អាយុ៥៣​ឆ្នាំ ចំនួន​៧​កាំបិតបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម​ជនរងគ្រោះ​មានមុខ​របបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ជាមួយគ្នា។

​តាម​មន្ត្រីនគរបាល​ស្រុក​បានអោយដឹង​ទៀតថា​មុនពេល​កើតហេតុ បុរស​ដែលជា​ជា​សាច់ថ្លៃ​ចំនួន​៤​នាក់​(​ប្រពន្ធៗ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​) បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​នឹង​បាន​និយាយ​ជជែក​គ្នា​ជាធម្មតា​ស្រាប់តែ​ជនរងគ្រោះ​ជា​បងថ្លៃ​និយាយ​លេងសើច​ទៅកាន់​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ថា​នៅតែ​ផ្ទះ​ដើរ​ស៊ីផឹក​មិន​គិត​រកស៊ី​ចឹ​ញ្ចឹ​ម​ប្រពន្ធ​កូន​ទេ។

ប្រភពបន្តថា ភ្លាមៗ​នោះ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​បាន​ស្ទុះ​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត ទៅលើ​បងថ្លៃ​របស់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​ក្រុមគ្រួសារ​បងថ្លៃ​នេះ​មិនបាន​រាយការណ៍​មកដល់​កំលាំង​នគរបាល​ភ្លាមៗ​នោះទេ​គឺ​ទុក​រហូត​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ទើប​មកប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វាវ​នេះ​ជាការ​រៀបចំ ដើម្បី​ទុកពេល​អោយ​ជនសង្ស័យ​ដើម្បី​រត់គេចខ្លួន​តែប៉ុណ្ណោះ។ មន្ត្រីនគរបាល​ស្រុក​បាន​បញ្ជាក់ថា កំលាំង​ជំនាញ សហការ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ប្អូនថ្លៃ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​អោយ​ទាល់តែ​បាន៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *