ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យទីតាំងដំរីព្រៃស្ដ១ក្បាលតាមស្នេហ៍ដំរីស្រុកញី៣ក្បាលរបស់អ្នកភូមិពូត្រំ

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងកើតហេតុសត្វដំរីព្រៃស្ដមួយក្បាល ដែលតាមបណ្ដើរ និងកៀងសត្វដំរីស្រុកញីចំនួន៣ក្បាលរបស់អ្នកភូមិ រហូតឈានដល់ហ្មដំរី និងមនុស្សសរុប៥នាក់បានរត់ឡើងលើដើមឈើគេចពីការតាមឈ្មុសរបស់ដំរីព្រៃ១ក្បាលនេះ។ ហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

លោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់សត្វដំរីព្រៃ១ក្បាលនេះ ដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះលោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំបច្ចេកទេសដើម្បីរិះរកវិធីសាស្រ្ត និងរកទីតាំងដើម្បីដុតភ្នក់ភ្លើងបញ្ចៀសសត្វដំរីព្រៃ១ក្បាលនេះឲ្យត្រឡប់ចូលទៅក្នុងព្រៃវិញ។

ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យនេះផងដែរ លោក ស្វាយ សំអ៊ាង បានចូលជួបសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបានជួយសម្រាលបន្ទុករបស់ពលរដ្ឋមួយគ្រួសារ ដែលមានជំងឺប្រចាំកាយនិងខ្វះខាតជីវភាព ដោយបានជំរុញគិតគូរ និងជួយឧបត្ថម្ភថវិកាក្នុងការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *