ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំរវាងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងខេត្ត ដើម្បីត្រួតពិនិត្យនិងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមវត្តមានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារចូលរួមពិនិត្យពិភាក្សាអំពីសមាសភាពតួនាទីភារកិច្ច របស់គណៈកម្មការ ដើម្បីឈានដល់ ការឆ្លើយតបបន្ទាន់ ជាអាទិភាពក្នុងការចុះអនុវត្ត រៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ឲ្យបានមុនរដូវភ្លៀងមកដល់។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តកំពតមានក្ដីបារម្ភ ពីបញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាលមកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួនដែលមានលក្ខណៈខុសស្តង់ដារបទដ្ឋានបច្ចេកទេសច្បាស់លាស់។

ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពតនេះដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានលើកសង្កត់ធ្ងន់ដែរថា សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ជាមួយនឹងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ ត្រូវតែចូលរួមសហការអនុវត្តឲ្យបានល្អ ពិសេស កៀរគរធនធានសប្បុរសជនដើម្បីគាំទ្រគម្រោងនីមួយៗ ឲ្យទទួលបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពដើម្បីចៀសវាងការដក់ទឹកឬលិចផ្លូវនៅក្នុងក្រុងកំពតបន្តទៀត៕

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *