ព័ត៌មានជាតិ

ពិធី​​ប្រគ​ល់​​-​ទទួលយា​ន​យន្ត​បំពាក់ទូរត្រជាក់​យាន​យន្តដឹកផ​លិ​តផល​​ក​សិ​ក​ម្ម​និ​ងម​ធ្យោបាយ​ដឹ​កជ​ញ្ជូនរ៉ឺម៉​កកង់​បីជូន​ដ​ល់សហ​​គ​មន៍

តាមរបាយការណ៍របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានឲ្យដឹងថាអង្គការបាននិងកំពុងអនុវត្តគម្រោងសំខាន់ៗមួយចំនួនដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផល បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់កសិករនៅជនបទ។ គម្រោងថ្មីមួយទៀតរបស់អង្គការគឺស្តីពីការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិខ្មែរ គឺជាគម្រោងមួយសមស្រប និងមានលក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់នៅលើទីផ្សារ និងកសិករចិញ្ចឹមមាន់មានជំនាញ/បច្ចេកទេសខ្លះរួចមកហើយ និងផ្តល់ទុនវិនិយោគ ដោយបានការបណ្តុះបណ្តាលពីមន្រ្តីកសិកម្ម និងមន្រ្តីរបស់អង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក។ ការលើកកម្ពស់ខ្សែច្រវាក់ផលិតកសិកម្មដែលអង្គការកំពុងអនុវត្តនេះ មានសុគង្គតភាព ជាមួយកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយគិតចាប់តាំងពីដំណាក់កាលផលិត ក្រោយពេលប្រមូលផល និងចរាចរណ៍នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលខ្ពស់ និងប្រាក់ចំណេញច្រើនដល់កសិករ និងភាពជោគជ័យរបស់គម្រោង។ នៅពេលអនាគតដ៏ខ្លី គម្រោងនឹងពង្រីកលទ្ធភាពឲ្យដល់ផលិតកម្ម គោយកសាច់ផងដែរ។
ភ្ជាប់ជាមួយនឹងជំនួយឧបត្ថម្ភនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ដែលបានចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ និងមាន់ស្រែខ្មែរ របស់សហគមន៍កសិកម្ម ធានាបានផលិតភាព គុណភាព សុវតិ្ថភាព និងទីផ្សារ បង្កើតឱកាសការងារ និងប្រាក់ចំណូលក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ លោកសង្ឃឹម ងជឿជាក់ថាអង្គការនឹងបន្តពិនិត្យលទ្ធភាពជួយឧបត្ថម្ភដល់សហគមន៍កសិកម្មឲ្យបានកាន់តែច្រើនថែមទៀត ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ មកកាន់ទីផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងសាខាលក់រាយផ្សេងៗទៀត ដើម្បីរក្សាបាននូវគុណភាពស្រស់ ចំណេញពេល កាត់បន្ថយការបាត់បង់ចំនួន ឬបរិមាណផលិតផល ដែលបណ្តាលមកពី មធ្យោបាយដឹកជញ្ជូន និងទូត្រជាក់សម្រាប់រក្សាទុកដាក់ផលិតផល។ល។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំនួយនេះជាសក្ខីកម្មបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអភិក្រម “រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន និងសហគមន៍កសិកម្ម” ហើយក៏ស្ថិតក្នុងគម្រោងនៃគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩- ២០២៥) ជាពិសេសខ្លួនលោកផ្ទាល់ទទួចចង់បានដើម្បីកែប្រែវិស័យសាកវប្បកម្ម និងផលិតកម្មមាន់ស្រែខ្មែរយកសាច់ ឈានឆ្ពោះទៅធ្វើទំនើបកម្មទាំងផលិតភាពផលិតកម្ម ការថែរក្សាទុកដាក់ វេចខ្ចប់ និងដឹកជញ្ជូនដោយប្រើប្រព័ន្ធ cold chain system (រក្សាភាពស្រស់ និងអាយុកាលផលិតផលបានយូ) ទៅកាន់ទីផ្សារ ដើម្បីឆ្លើយតបទៅតាមការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ដែលមាននិន្នាការកើនឡើងនៃការបរិភោគទាំងផលិតផលបន្លែ ត្រី សាច់របស់អ្នកបរិភោគ ពិសេសអ្នកនៅទីក្រុង។ ឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យអង្គការបន្តជួយគាំទ្រដល់សហគមន៍កសិកម្មផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមលើផលិតភាព គុណភាព សុវត្ថិភាព និងបញ្ហាទីផ្សាររ។ គួរជួយពង្រឹងសមត្ថភាពលើការដឹកនាំ គ្រប់គ្រង បច្ចេកទេសកែច្នៃកសិផល និងការងារទីផ្សារ ដើម្បីប្រែក្លាយទៅជាសហគមន៍ កសិកម្មគំរូ និងសហគ្រិនខ្នាតតូច-មធ្យមនៅជនបទ។ ទាំងអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត ត្រូវបន្តជួយដល់ការអភិវឌ្ឍ សហគមន៍កសិកម្មបន្ថែមទៀត។ ដោយឡែក សហគមន៍កសិកម្មទាំង២១ ដែលទទួលបានជំនួយនាពេលនេះត្រូវចុះបញ្ជីសម្ភារៈទាំងអស់ទៅក្នុងបញ្ជីសារពើភ័ណរបស់សហគមន៍កសិកម្ម។ ត្រូវប្រើប្រាស់ និងថែទាំងមធ្យោបាយដឹកជញ្ជូនទាំងអស់នេះឲ្យបានល្អ ទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍។ សូមជម្រាបជូនថាសម្រាប់ជំនួយថ្ងៃនេះមាន៖ យានយន្តបំពាក់ទូត្រជាក់ចំនួន ០៣គ្រឿង យានយន្តដឹងកសិផលចំនួន ០៤គ្រឿង និងរ៉ឺម៉កបង់បីចំនួន ១៤គ្រឿងជូនសហគមន៍កសិកម្មចំនួន២១សហគមន៍ក្នុងចំណោមសហគមន៍កសិកម្មដែលស្ថិតនៅក្នុងគម្រោងចំនួន ៧៥សហគមន៍ ក្នុងខេត្តគោលដៅចំនួនទាំង ១១ខេត្ត។ ចំពោះព័ត៌មានបន្ថែមទាក់ទងគម្រោងជំនួយនិងសកម្មភាពការងាររបស់គម្រោងសូមអញ្ជើញទាក់ទងលោកនាយកអង្គការ លេខ ០១២/០១៦ ២២១ ៧៧៥៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *