ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅទូទាំងខេត្តព្រះសីហនុ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលខេត្តទាំង០៤មានខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សូមជម្រាបជូនថា មន្ទីរសុខាភិបាលខេត្តព្រះសីហនុ កន្លងមកគឺបានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តបានមួយជំហ៊ានរួចមកហើយ ប៉ុន្តែថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នាតែម្តងទាំង០៤ខេត្ត ដោយឡែកខេត្តព្រះសីហនុ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងចំនួន ១៩៣.១៦៥នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់ ១១៦.៩៣៥នាក់ ក្រៅពីនោះគឺមន្ទីរសុខាភិបាលខេត្តចាក់ជូន។ បន្ទាប់ពីការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ឃើញថាមានប្រជាពលរដ្ឋចង់ចាក់វ៉ាក់សាំងមកពីគ្រប់ទីកន្លែង។ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីឱ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួន។ កងយោធពលខេមរភូមិន្ទនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ នេះជាកាតព្វកិច្ចសម្រាប់ជាតិរបស់យើង ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ ធ្វើឱ្យប្រទេសជាតិមានស្ថេរភាព និងសេដ្ឋកិច្ចមានការរីកចម្រើននាពេលខាងមុខ។

ឯកឧត្តមនាយឯកឧត្តមសេនីយ៍ ក៏បានបន្តថា ខេត្តទាំង០៤ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងសរុបចំនួន ១.២៤៤.០០០នាក់ ដោយឡែកកងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់។ យើងខិតខំចាក់វ៉ាក់សាំងពីថ្ងៃទី២២ ដល់ថ្ងៃ៣០ មិថុនា ឆ្នាំ ២០២១ ចាក់ឱ្យអស់ដូសទី១ គ្រប់ខេត្តទាំង០៤ ចំពោះវ៉ាក់សាំងយើងមានគ្រប់ចំនួនក្នុងដៃរួចហើយ សម្រាប់ដូសទី១ និងដូសទី២ ដើម្បីចាក់ជូនប្រជាពលរដ្ឋ១០០ភាគរយ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណសម្តេចតេជោ ដែលសម្តេចខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង និងបានដាក់ចេញវិធានការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ពិសេសថ្ងៃនេះសម្តេចបានដឹកនាំចាត់ចែងកងកម្លាំងចេញធ្វើសកម្មភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើកិច្ចសហការជាមួយក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់មកតាមការចាត់ចែងរបស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុវត្តវិធានការណ៍ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន ព្រោះបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ មិនមែនមានតែខេត្តព្រះសីហនុមួយទេ មានរាជធានី ខេត្តទាំង២៥ ត្រូវបន្តបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូច្នេះគោលដៅនីមួយៗត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្មចាក់វ៉ាក់សាំងបានលឿន ហើយវ៉ាក់សាំងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងពេលតែមួយយើងមិនអាចចាក់ជូនប្រជាពលរដ្ឋបានទាំងអស់គ្នានោះទេ ត្រូវតែមានអ្នកមុន និងអ្នកក្រោយបន្តបន្ទាប់តាមចំនួនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមតាមការណែនាំរបស់អាជ្ញាធរ ទើបការរៀបចំរបស់យើងអាចដំណើរការទៅបានដោយរលូន និងទទួលបានមអត្ថប្រយោជន៍ទាំងអស់គ្នា៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *