ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាធ្វើការជិតស្និទ្ធជាមួយសមាជិកអាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសានៅលើហ្វេសបុកថា ថ្ងៃនេះគឺជាខួប ២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្ដេច ហ៊ុន សែន បាន​បន្ត​ថាជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយការក្លាយទៅជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ត្រូវបានគេមើលឃើញថា ជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា។ ការចូលជាសមាជិកអាស៊ាន ក៏ជាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មភាពនៅក្នុងតំបន់ផងដែរ។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *