ព័ត៌មានជាតិ

អនុគណៈកម្មាធិការជំនួយសង្គមចាប់ផ្តើមជួយគ្រួសាររងទុក្ខលំបាកដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ អនុគណៈកម្មការធិការជំនួយសង្គមបានបើកកិច្ចប្រជុំលើកទី ១ ក្រោមវត្តមានលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា។

លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ការងាររបស់ អនុគណៈកម្មការធិការជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ច្រើនផ្នែកលើវិស័យសង្គមកិច្ច និង មានភាពប្រែប្រួល ហើយក៏មានការងារមួយចំនួនកំពុងត្រូវបានធ្វើរួចហើយដែរ ប៉ុន្តែអ្វីដែលជាកិច្ចការចម្បងនៅចំពោះមុខនាដំណាក់កាលនេះ គឺលៃលកជួយដោះស្រាយក្តីលំបាក នៃគ្រួសារប្រជាជនដែលបង្ករឡើងដោយជំងឺកូវីដ១៩។

លោកបន្តថា អនុគណៈកម្មការធិការជំនួយសង្គម គឺជាក្រុមការងារទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយក្នុងចំណោម សសរស្តម្ភទាំង ២ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាគូនឹងបេឡាជាតិសន្តិសុខសង្គម ហើយការងារដ៏សំខាន់បំផុតមួយរបស់ អនុគណៈកម្មការធិការដែលមានសមាសភាពមកពីអន្តរក្រសួងនេះ គឺការដោះស្រាយនូវរាល់តម្រូវការជាក់ស្តែរបស់គ្រួសារក្រីក្រងាយរងគ្រោះ ហើយអនុគណៈកម្មាធិការនេះ មិនមែនមានតែនៅក្នុងដំណាក់កាលជំងឺកូវដី ១៩ ទេ គឺនឹងមាននិរន្តរភាពតទៅ ព្រោះវាកម្មវិធីការងារថ្មីមួយរបស់រាជរដ្ឋាភិបាល ។

នៅក្នុងពិធីនេះដែរ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានក្រើនរំឭកម្តងហើយម្តងទៀតដល់អ្នកពាក់ព័ន្ធទាំងឡាយឱ្យធ្វើការប្រកបដោយសុចរិតភាព សុក្រឹតភាព និង តម្លាភាព ពោលគឺធ្វើយ៉ាងណា ឱ្យជំនួយរបស់នានារបស់រាជរដ្ឋាភិបាលតាមរយៈអនុគណៈកម្មាធិការជំនួយសង្គមនេះ បានទៅដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដ ចៀសវាងឱ្យបាននូវខ្សែបក្សពួក ឬ គ្រួសារនិយមជាដើម៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *