ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ទំហំ ១១ ម៉ែត្រ x ៩ ម៉ែត្រ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវចុះគ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ និងធ្វើយ៉ាងណាយកឱ្យទទួលបាននូវស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ខ្នងផ្ទះទាំងអស់
ជាងនេះទៀត ត្រូវផ្លាស់ប្ដូរឥរិយាបថ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាទាញយកបេះដូង និងស្នាមញញឹមរបស់ពួកគាត់ឱ្យបាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបន្ថែមថា៖ ក្រោមម្លប់នៃសុខសន្តិភាព ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេស តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព ឯកភាព ស្ថិរភាព និងកិត្យានុភាពជាតិ ពេញលេញក្នុងប្រវត្តិសាស្ត្រ ដែល ប្រទេសកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំកន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ ដែលនេះជាបុរេល័ក្ខខ័ណ្ឌសម្រាប់ធ្វើការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន និងលេចធ្លោរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស សកម្មភាពក្មេងទំនើង និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរាយការណ៍នៅគ្រប់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ការប្រើប្រាស់ ការជួញដូរ និងបទល្មើសផ្សេងទៀត ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគាត់ធ្វើការបង្ការ បង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលាផងដែរ។
cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *