ព័ត៌មានជាតិ

​អ្នក​ឆ្លង​កូ​វីដ​១៩​ទូទាំង​ពិភពលោក​កើន​ដល់​ជាង​៤​លាន​នាក់​

អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ចេញពី​គេ​ទំព័រ​អន្តរជាតិ Worldometer​គិត​ត្រឹម​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​នេះ​បាន​ចុះផ្សាយ​ថា​ចំនួន​ឆ្លង​ជំងឺ កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៤.០០៧.៨១៩ លាន​ករណី​ហើយ ។​

​ក្នុងនោះ​មនុស្ស​សរុប ២៧៥.៧៨១​នាក់​ស្លាប់​និង​ជាង​១.៣៧៦​លាន​នាក់​បានជា​សះស្បើយ​ឡើងវិញ​។​
​សូមបញ្ជាក់​ផងដែរ​ថា​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ទាំង​ជាង​៤​លាន​នាក់​នោះគេ​ឃើញ​មាន​ប្រទេស​អាមេរិក​មាន​អត្រា​អ្នក​ឆ្លង​រាលដាល​ខ្លាំងជាងគេ ដែលមាន​សរុប​ចំនួន ១.៣២០.០៤៤​ករណី​។​

​គួរបញ្ជាក់​ផងដែរ​ថា ជំងឺ​កូ​វីដ​១៩​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​»​បាន​វាយលុក​ចូលដល់​ប្រទេស​និង​ដែនដី​សរុប​ចំនួន​២១២​ហើយ​នៅ​ទូទាំង​សកលលោក​។​វា​បាន​រីក​សាយភាយ​ពាសពេញ​ទ្វីប​ទាំងអស់​លើ​ភពផែនដី​លើកលែងតែ​ទ្វីប​ទឹកកក​អង់តាក់ទិក​មួយ​ប៉ុណ្ណោះ​។​

​ដោយឡែក ក្នុង​កិច្ចការពារ និង​ទប់ស្កាត់​មេដឹកនាំ​ពិភពលោក​បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ មិនមែន​ការប្រកួតប្រជែង​ឡើយ​ក្នុងការ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ខណៈ​ពួកគេ​បាន​សន្យាថា នឹង​បរិច្ចាគ​ប្រាក់ ៧,៥​ពាន់​លាន​អឺរ៉ូ (៨.១​ពាន់​លាន​ដុល្លារ​)​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៥ ខែឧសភា ឆ្នាំ​២០២០​។​

​ការសន្យា​ខាងលើ​ធ្វើឡើង​នៅក្នុង​វេទិកា​រៃអង្គាសប្រាក់​តាម​វីដេអូ​ខុន​ហ្វេ​រិ​ន​រៀបចំឡើង​ដោយ​មេដឹកនាំ​អឺរ៉ុប រួមជាមួយ​ជប៉ុន និង​កាណាដា​។​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី យូ​ស៊ូ​ឡា វ៉ុ​ន ដឺ ឡេ​យេន (Ursula von der Leyen) បាន​បញ្ជាក់ថា វ៉ាក់សាំង​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដែល​អាច​កម្ចាត់ កូ​វីដ​១៩​។​

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លោក ថេ​ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យែ​សឹ​ស (Tedros Adhanom Ghebreyesus) ក៏បាន​សម្តែង​ការ​សាទរ ចំពោះ​ការ​រៃអង្គាស​នេះ​ប្រាក់​នេះ​ផងដែរ ព្រោះ​ជា​ទង្វើ​បង្ហាញ​ពី​សាមគ្គី​ភាពជា​សកល​។​

​គួរ​ជម្រាប​ថា បើតាម​លោកស្រី Ursula von der Leyen ទឹកប្រាក់ ៧,៥​ពាន់​លាន​អឺរ៉ូ មាន​៤​ពាន់​លាន​អឺរ៉ូ នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​,២​ពាន់​លាន​អឺរ៉ូ​ផ្ដោតលើ​ការស្រាវជ្រាវ​សម្រាប់​ការព្យាបាល និង​១,៥​ពាន់​លាន​អឺរ៉ូ សម្រាប់​ការធ្វើ​តេស្ដ​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *