ព័ត៌មានជាតិ

សិក្ខាសាលាស្តីពីអត្ថប្រយោជន៍ទីផ្សារហិរញ្ញវត្ថុ និងវិធីសាស្ត្រចាប់ផ្តើមចូលរួមក្នុងទីផ្សារ

ខេត្តកណ្តាល៖ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតសកលក្ដីក្រោមការដឹកនាំរបស់និយ័តករមូលបត្រកម្ពុជា រួមជាមួយ នឹងកិច្ចសហប្រតិបត្តិការពីប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនសមភាគីកណ្តាល ក្រុមហ៊ុនឈ្មួញជើងសា និងភាគីពាក់ព័ន្ធទាំងអស់ ទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៦មក។

ឯកឧត្តមបានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពីអត្ថប្រយោជន៍ទីផ្សារហិរញ្ញវត្ថុ និងវិធីសាស្ត្រចាប់ផ្តើមចូលរួមក្នុងទីផ្សារ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល។ 

ឯកឧត្តមបន្តថា៖តាមរយៈកិច្ចសហការនេះ ឯកឧត្តមសង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងផ្តល់ឱ្យអ្នកចូលរួមទាំងអស់នូវ ចំណេះដឹងអំពីទីផ្សារហិរញ្ញវត្ថុ ពោល គឺការវិនិយោគក្នុងវិស័យមូលបត្រ រួមទាំងភាគហ៊ុន និង ប័ណ្ណបំណុល ក៏ដូចជាឧបករណ៍និស្សន្ទផងដែរ។ ដូច្នេះ វាគឺជាឱកាសដ៏ល្អមួយ ដែលយើងទាំងអស់គា្ននៅទីនេះ អាច សិក្សាបន្ថែម ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារទាំងពីរនេះ ពីព្រោះយើងដឹងហើយថា វិស័យហិរញ្ញ វត្ថុ គឺជាសរសៃឈាមរបស់សេដ្ឋកិច្ច មិនថាជាវិស័យមូលបត្រ ឬ វិស័យពាក់ព័ន្ធផ្សេងទៀតនោះទេ។ 

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបាន សហការរៀបចំសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះ ដើម្បីបន្ថែមគុណតម្លៃដល់វឌ្ឍនភាពរបស់ខេត្ត រួមទាំងស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ចំណុចនេះក៏ស្របតាម បេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអប់រំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម បានលើកទឹកចិត្តឱ្យមានសិក្ខាសាលាលើកក្រោយទៀត ដោយសារតែកម្មវិធីបែបនេះនឹងជួយប្រជាពលរដ្ឋក្នុងខេត្តកណ្តាល បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងពាក់ព័ន្ធ ដើម្បីចូលរួមក្នុងដំណើរវិនិយោគដ៏ត្រឹមត្រូវ និងសុវត្ថិភាពមួយនាពេលអនាគត៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *