ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តក្នុងភូមិសាស្រ្តខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបានវាយតម្ល និងឆ្លុះបញ្ចាំង តាមរយៈលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២២ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយក្នុងចំណោម ១២៧ឃុំ សង្កាត់ទូទាំងខេត្ត ឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ១ មានចំនួន ១១៨ឃុំសង្កាត់, ចំណាត់ថ្នាក់ប្រភេទលេខ២ ចំនួន ៩ឃុំសង្កាត់ និងចំណាត់ថ្នាក់ប្រភេទលេខ៣ មិនមាន។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយមានការខិតខំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បទល្មើស ជារួមមានការថយចុះ ៧៨% គួបផ្សំប្រតិបត្តិការបង្ក្រាបទទួលបានខ្ពស់រហូតដល់ ៩៦% ដែលជាហេតុ ធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២២ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២២ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ។