ព័ត៌មានជាតិ

ឯកឧត្តម គង់ គឹមនី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយករណីទន្ទ្រានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ

ព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយករណី-ការទន្ទ្រានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋលើដីរបស់ក្រុមហ៊ុន កាម៉ាដេនូ វេនស្ទ័រ (ខេមបូឌា) លីមីធីត ស្ថិតនៅក្នុងស្រុកសំបូរ និងក្រុមហ៊ុន មេហ្គាស្កាប្រូឌ្យូស អ៊ីមផត អ៊ិចផត ស្ថិតនៅក្នុងឃុំអូរគ្រៀង ឃុំរលួសមានជ័យ និងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ-អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុនវិនិយោគ ។ 

ក្នុងនោះដែរឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ក៏បានជម្រុញស្នើសុំដល់ក្រុមការងារចម្រុះ ត្រូវរៀបចំពេលវេលា ដើម្បីចុះទៅដល់ទីតាំងមូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងសម្របសម្រួលស្រាវជ្រាវជាក់ស្តែងទៅលើសំណុំរឿងទាំងនេះ ដើម្បីចាត់វិធានការនីតិវិធីច្បាប់ -ក្រុមហ៊ុនត្រូវគោរពនិងអនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួន និងត្រូវចុះពិនិត្យទីតាំងដីអនុតំបន់នីមួយៗដែលពុំទាន់បានធ្វើការដាំដុះ ដើម្បីបង្ការការចូលស្នាក់អាស្រ័យផល និងទន្រ្ទានយកដីពីសំណាក់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការងារគ្រប់គ្រងដីនេះឲ្យបានច្បាស់ -ត្រូវពង្រឹងការណែនាំដល់សន្តិសុខយាមដីកុំឲ្យចាញ់បោកមេខ្យល់ បើកដៃឲ្យប្រជាពលរដ្ឋចូលកាប់និងស្នាក់នៅ -ក្រុមហ៊ុនត្រូវបោះបង្គោលព្រំការពារតំបន់ដីដែលប្រឈមការទន្រ្ទាន-មន្ទីរកសិកម្ម ត្រូវពិនិត្យឡើងវិញអំពីការស្នើសុំឈូសឆាយដីព្រៃរបស់ក្រុមហ៊ុន -សុំឲ្យមេឃុំចុះស្រង់ចំនួន និងប្រវត្តិប្រជាពលរដ្ឋដែលចូលកាប់ដីក្រុមហ៊ុន និងស្រង់ចំនួនដីដែលប្រជាពលរដ្ឋបាននឹងកំពុងកាន់កាប់ទន្រ្ទាន-ក្រុមការងារខេត្តស្រុក-ឃុំ ត្រូវធ្វើការពិនិត្យនិងណែនាំភូមិអំពីការទប់ស្កាត់នៃការបោះត្រាលើឯកសារស្នើរសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ហើយស្រុកត្រូវធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបានដឹង និងដើម្បីឲ្យបងប្អូនមកដាក់ពាក្យស្នើសុំដីទៅតាមនីតិវិធី ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *