ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាលអញ្ជើញ សំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរចំពោះកិតខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល ដែលដឹកនាំដោយលោក ខុន សេរីរដ្ឋា អភិបាលស្រុក ទទួលបានចំណាប់ថ្នាក់លេខ១ គ្រប់ឃុំក្នុងការប្រឡងប្រណាំងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

 

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានកោតសរសើរបែបនេះក្នុងឱកាសដែរឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកអង្គស្នួល នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

 

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល ដោយមានការចូលរួមគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរឃុំ ភូមិ និងចលនាប្រជាការពារ បានធ្វើឱ្យឃុំទាំង១០ និងប៉ុស្តិ៍នគរបាលទាំង១០ នៃស្រុកអង្គស្នួល បានទទួលចំណាត់ថ្នាក់លេខ១ គ្រប់ឃុំ លើកពានរង្វាន់ការប្រឡងប្រណាំងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។

 

ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ។

 

ឯកឧត្តមបារាំងខេត្ត បានគូសបញ្ជាក់បន្ថែមថា បើទោះជាកន្លងទៅយើងទទួលបាននូវចំណាត់ថ្នាក់ល្អក្ដី សូមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយ ពិសេសបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជៀសឱ្យបានដាច់ខាតក្នុកការនៅពីក្រោយល្បែងស៊ីសង កុំនៅពីក្រោយបទល្មើសនានាក្នុងមូលដ្ឋាន ពិសេសកុំអន្តរាគមន៍រាល់បទល្មើស និងល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តរកឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយល្បែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈម និងការដាក់តាមច្បាប់ជាធរមាន។

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *