ព័ត៌មានជាតិ

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ប្រមាណជាង១៤ម៉ឺននាក់

(ពោធិ៍សាត់)៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក​​ ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ប្រមាណ ១៤១,៣៧០នាក់ ក្នុងនោះ ទេសចរជាតិចំនួន​ ១៤១,៣៤៦នាក់ និងទេសចរបរទេសចំនួន​ ២៤នាក់​ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការថយចុះជាង៥០%។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ​ ក្នុងខេត្តពោធិ៍សាត់ នាឱកាសពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន​ ៦០,៨៩៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៦០,៨៨៥នាក់ និងភ្ញៀវបរទេសចំនួន ១២នាក់។

ប្រភពបន្តថា សម្រាប់រយៈពេល៣ថ្ងៃ ​គឺថ្ងៃទី១៤-១៥-១៦​ ខែមេសា​ ឆ្នាំ២០២៣​ ភ្ញៀវទេសចរមានចំនួនសរុប ១៤១,៣៧០នាក់​ ក្នុងនោះទេសចរជាតិ​ចំនួន ១៤១,៣៤៦នាក់ និងទេសចរបរទេស​ចំនួន ២៤នាក់​ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំមុន ភ្ញៀវមានការថយចុះ​ ៥២,៥៦% (ឆ្នាំមុនភ្ញៀវមានចំនួន​ ២៩៨,០៣៧នាក់)​។

ប្រភពបានបន្ថែមថា ក្រុមការងារមន្ទីរ បានបែងចែកជា៥ក្រុម បានចុះសហការ និងធ្វើការទំនាក់ទំនង ជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ពន្ធ័ ​ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីស្តង់ដារប្រតិបត្តិអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងវិធានការការពារ «៣កុំ ៣ការពារ»។ ជាមួយគ្នានោះ មន្ទីរបានចុះពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល​ និងសេវាកម្មទេសចរណ៍​ ព្រមទាំងថែរក្សាអនាម័យ​សុវត្ថិភាព​ចំណីអាហារ​ និងបរិស្ថាន​។ រាល់តម្លៃសេវាកម្មស្នាក់នៅ​ ម្ហូបអាហារ​ និងសេវាផ្សេងៗ​ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗ នៅក្នុងតារាងបញ្ជីតម្លៃ​ និងបានដាក់ភាសាខ្មែរ នៅ​ខាងលើ ហើយភាសាបរទេសនៅខាងក្រោម​។

បន្ថែមពីនោះ មន្ទីរក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ គឺបណ្តាលមកពី៖
ទី១-ភ្នំ១៥០០(ផ្លូវបុប្ផាលាក់ខ្លួន)​ ភ្ញៀវមានការធ្លាក់ចុះខ្លាំង ​ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង​ ធ្វើឱ្យទេសភាពមិនសូវស្រស់ស្អា តដូចឆ្នាំមុន​។
ទី២-ស្រុកតាលោសែនជ័យ ​(សួនកម្សាន្តពូរីសត​)​ ឆ្នាំមុនជួលតារាល្បីៗមករាំលេងកម្សាន្ត​ តែឆ្នាំនេះពុំមានជួលតារាល្បីមកសម្ដែងទេ។
ទី៣-ព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាប
ទី៤-មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត តាមមូលដ្ឋានខេត្តនីមួយៗ
ទី៥-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគោលដៅទេសចរណ៍ថ្មី រហ័សតាមរយៈការវិនិយោគរបស់រដ្ឋ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *