ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងឯកឧត្តម បួន ហេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីការត្រៀមអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា

នៅរសៀលថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីការត្រៀមអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក នៅឯសាលប្រជុំB២ សាលាខេត្តបាត់ដំបង ។

ក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ជាមួយធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ក្រោមជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក។ បច្ចុប្បន្ន គម្រោងបានបញ្ចប់ការសិក្សា និងវាយតម្លៃលើការរៀបចំគម្រោងរួចហើយ និងកំពុងត្រៀមដាក់ឆ្លងក្រុមប្រឹក្សាភិបាលធនាគារពិភពលោកដើម្បីអនុម័ត ហើយនឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន៣ គឺ ក្រសួងបរិស្ថាន(សមាសភាគទី១) ក្រសួងមហាផ្ទៃ(សមាសភាគទី២) និង ក្រសួងសាធារណការ និងដឹកជញ្ជូន(សមាសភាគទី៣) ហើយគម្រោងនេះនឹងត្រូវអនុវត្តនៅក្រុង ស្រុកនៃ ខេត្តគោលដៅចំនួន៥ ក្រុងសៀមរាប ក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ស្រុកបវេល និងស្រុកថ្មគោល នៃខេត្តបាត់ដំបង និងក្រុងព្រះសីហនុ។

ឯកឧត្តម បួន ហេង បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានខិតខំស្វះស្វែងរកដៃគូសហការ ជាមួយនឹងធនាគារពិភពលោក ក៏ដូចជាក្រសួងពាក់ព័ន្ធនានាជាពិសេសក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងហេដ្ឋានរចនាសម្ព័ន្ធនៃទីលានចាក់សំរាមក្នុងស្រុកថ្មគោល និងស្រុកបវេលនៃខេត្តបាត់ដំបងនេះ។

ឯកឧត្តម បានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង នឹងត្រូវសហការជាមួយ ក្រសួងពាក់ព័ន្ធផ្សេងទៀត ក្រោមជំនួយរបស់ធនាគារពិភពលោក នឹងគាំទ្រដោយក្រសួងមហាផ្ទៃ ក្នុងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងការរៀបចំទីតាំងបង្កើតទីលានចាក់សំរាម និងទីលានសម្រាប់ផ្ទេរសំរាមនៅត្រង់រវាងស្រុកបវេល និងស្រុកថ្មគោលនេះ ហើយសំរាម១៥%ដែលបានចាក់នៅទីលាននេះ នឹងត្រូវកែច្នៃឲ្យប្រើប្រាស់ម្ដងវិញទៀត ដើម្បីជួយសម្អាតបរិស្ថាន និងការពារបរិស្ថាន ព្រមទាំងជួយសម្រួលមិនឱ្យមានការកំណរកំណើននៃការប្រើប្រាស់ប្លាស្ទិកមួយកម្រិតផងដែរ ហើយក្នុងនោះ ៧៥% នៃប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគោលដៅទាំពីរ និងត្រូវមានការប្រើប្រាស់នូវសេវាប្រមូលសំរាម ដើម្បីកាត់បន្ថយនូវភាពអាណាធិបតេយ្យក្នុងការទុកដាក់សំរាម ដើម្បីរក្សានូវសោភ័ណភាពក្នុងស្រុក ក៏ដូចជានៅតាមគេហដ្ឋាននីមួយៗឲ្យមានភាពស្រស់ស្អាតនិងផាសុកភាព ។

នាឳកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងពិតជាមានសំណាងណាស់ដែល រាជរដ្ឋាភិបាលបានជ្រើសរើស ក្នុងការរៀបចំគម្រោងគ្រប់គ្រងសំរាម ហើយបញ្ហានេះគឺជាកង្វល់មួយ ដែលរដ្ឋបាលខេត្តបាត់ដំបងបានគិតគូរជាយូរមកហើយ ក្នុងការរៀបចំកន្លែងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ព្រោះសំរាមមានការកើនជាលំដាប់ ដែលប្រភពមកពីបញ្ហាកំណើនប្រជាពលរដ្ឋ និងដោយសារតែទំហំទីលានចាក់សំរាមចាស់បានប្រើប្រាស់អស់លទ្ធភាពហើយ។

ឯកឧត្តម សុខ លូ ក៏បានស្នើឲ្យអភិបាលស្រុកដែលពាក់ព័ន្ធ សូមខិតខំក្នុងការចាត់ចែងរកដីសម្រាប់បង្កើតជាទីលានចាក់សំរាម ដែលមានទីតាំងនៅចន្លោះ ឬនៅជិតព្រំប្រទល់នៃស្រុកទាំងពីរនេះ ដែលជាតំបន់ដែលមិនលិចទឹក និងមិនប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ ដែលក្នុងនោះត្រូវចន្លោះ ៣០ គីឡូម៉ែតពីគ្នាយ៉ាងច្រើន ព្រមទាំងបង្កើតឡដុតសំរាមផងដែរ។

ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបវេល និងស្រុកថ្មគោល សូមចូលរួមទាំងអស់គ្នាក្នុងការគ្រប់គ្រងសំរាម និងជួយថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីសោភ័ណភាពនិងផាសុកភាពរបស់ភូមិស្រុក និងខេត្តរបស់យើង ដើម្បីឲ្យមានភាពទាក់ទាញ លេចធ្លោ និងគួរឲ្យចង់រស់នៅ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *