នៅព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ដែលប្រជាពលរដ្ឋ ពលករ ពលការិនីត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីត្រឡប់ទៅបំពេញភារកិច្ច ការងាររបស់ខ្លួនវិញ នៅឯច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំបន្ថែម ដល់មន្ត្រី និងសមត្ថកិច្ចដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិដូងនេះ សូមខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីបង្កលក្ខណ:ងាយស្រួលដល់ដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ពលករត្រឡប់ទៅបំពេញភារកិច្ច ឬទៅធ្វើការវិញដោយស្របច្បាប់ និងពន្លឿនក្នុងការបំពេញបែបបទឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករអោយបានឆាប់រហ័ស ដោយក្នុងនោះត្រូវចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូនប្រជាពលរដ្ឋ និងពលករដែលធ្វើដំណើរចេញ-ចូលច្រកទ្វារអន្តរជាតិដូងនេះ ៕