សៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៦រវាងថយន្តពេទ្យស្រុកក្រឡាញ់ដែលដឹកអ្នករបួសយកទៅមន្ទីរពេទ្យបានបុករថយន្តមួយគ្រឿងម៉ាកអ៊ីសុយស្ស៊ុយបណ្តាលឱ្យរងរបួស៧នាក់បន្ថែមទៀតនិងខូចខាតរថយន្តទាំងសងខាង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើ ផ្លូវជាតិលេខ ៦ ចំណុច ផ្លូវចូលភូមិរំដេងស្ថិតនៅ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីយប់ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ បានឱ្យថា រថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជរ ព័ណ៌ស ពាក់ស្លាកលេខ សៀមរាប រដ្ឋ១២.២.០៥៨០ជារថយន្តពេទ្យស្រុកក្រឡាញ់ បានដឹកអ្នករបួសឈ្មោះ ថី ថាំ ដែលរបួសដោយសាក្រឡាប់គោយន្តយកទៅព្យាបាលនៅពេទ្យក្រឡាញ់ ។
សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយ រថយន្តម៉ាកអ៊ីសុយស្ស៊ុយពាក់ស្លាកលេខ ថៃ៣១៨០ ដែលបើកបរក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេង បណ្តាលឱ្យរងរបួសទាំងសងខាង។ចំណែករថយន្តខូចខាតទាំង២គ្រឿង។ចំណែកអ្នករបួសត្រូវបានរថយន្តស៊ីរ៉ែនស្នាក់ការ៦១០ ដឹកមកមន្ទីរពេទ្យស្រុកក្រឡាញ់ដើម្បីសង្គ្រោះ។
អ្នករងរបួសទាំ៧នាក់គឺមាន ទី១,ឈ្មោះ ស្ងួន ចាយ ភេទប្រុស អាយុ៣៨ ឆ្នាំជាអ្នកបើកបររថយន្តម៉ាក ហ្វតរ៉េនជរ, ទី២ ឈ្មោះ ធឿម ប៊ុនយ៉ិញ ភេទប្រុស អាយុ២៧ឆ្នាំទី៣ឈ្មោះ ថាំ ធិប ភេទប្រុស អាយុ២០ឆ្នាំ ,ទី៤ ឈ្មោះ ឆាវ ចេន ភេទស្រី អាយុ៤០ ឆ្នាំ, ទី៥ ឈ្មោះ ម៉ី ផល ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៦ ឈ្មោះ ថី ថាំ ភេទប្រុស អាយុ៤០ឆ្នាំ អ្នករបួសដែលត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
អ្នកទាំង៤រស់នៅភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប, និងទី៧ ឈ្មោះ រៀម សារិន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំដេងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាអ្នកបើកបររថយន្តម៉ាកអ៊ីសុយស្ស៊ុយ។ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕