ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកគេចម៉ូតូដឹកជ្រូក ជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូកាលពីម៉ោង៤ និង២៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បង្កឲ្យមនុស្សចំនួន៣នាក់បាក់ជើង និង១នាក់ទៀតបែកភ្នែកម្ខាង។ គ្រោះថ្នាក់នោះកើតឡើងចំណុចខាងកើតសាលាឆទានព្រៃវែង ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា មានម៉ូតូដឹកជ្រូក១គ្រឿង បានបត់កាត់ពីមុខរថយន្ត១គ្រឿង កំពុងបើកក្នុងទិសដៅពីលិចទៅកើត ហើយក៏បើកកាត់ពីមុខម៉ូតូ១គ្រឿងទៀតក្នុងទិសដៅច្រាសគ្នា ខណៈនោះដែរ ក៏មានរថយន្ត១គ្រឿងបើកមក ក៏បើកគេចពីម៉ូតូដឹកជ្រូក ហើយបុកគ្នាបង្កឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់គឺ៣នាក់របួសបាក់ជើងនិងម្នាក់ទៀតបែកភ្នែកម្ខាង។

ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួកបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក។ ចំណែកអ្នកបើកបរម៉ូតូដឹកជ្រូកបានគេចខ្លួននបាត់។ ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ លោកអធិការបានបញ្ជាក់ឲ្យដឹងថា គឺបណ្តាលមកពីរថយន្ត និងម៉ូតូបានបើកគេចពីម៉ូតូដឹកជ្រូកដែលបត់កាត់ពីមុខ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *