ព័ត៌មានជាតិ

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំទទួលអំណោយកាកបាទក្រហមខេត្

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជារា៦គ្រួសារ ស្ត្រីមេម៉ាយមានកូនច្រើន១គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត១០ គ្រួសារ) សរុបចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។ ហើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជាក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រនិងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោកស្រីក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១៧គ្រួសារ ក្នុង១ គ្រួសារទទួលបានអង្ករ២៥គ.ក្រ មី១ កេស ត្រីខ១០កំប៉ុង អាវយឺត២ សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ និងថវិកា៤០,០០០ រៀល៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *