ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន កោតសរសើរស្មារតីសហគ្រិនភាពរបស់កម្ពុជា ដែលកំពុងមានសន្ទុះកើនឡើង និងមានគុណភាពមិនចាញ់បរទេស
Mon,01 October 2018 (Time 12:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 243នាក់)

(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានកោតសរសើរនូវស្មារតី សហគ្រិនភាពរបស់កម្ពុជា ដែលកំពុងមានសន្ទុះកើនឡើង និងមានគុណភាពមិនចាញ់បរទេសឡើយ។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធហាងកាហ្វេ អ៊ីនថៈនីន ដែលជាម៉ាកកាហ្វេដ៏ល្បីល្បាញ ទទួលបានការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនកម្ពុជា ថៃ និងឡាវ មានទីតាំងស្ថិតនៅក្នុងបុរី ប៉េង ហួត បឹងស្នោរ ផ្លូវប៉ូឡារីស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ការបើកសហគ្រាសថ្មីនេះ ជាការរួមចំណែកមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការបង់ពន្ឋ និងបង្កើតការងារដល់សិស្ស និងនិស្សិតដែលបាន បញ្ចប់ការសិក្សា ឬកំពុងសិក្សា ក្នុងការរកចំណូលចិញ្ចឹមជីវិត ឬរកចំណូលបន្ថែមសំរាប់រៀនសូត្របន្ត។

លោកស្រីបណ្ឌិត ម៉ែន សំអន បានឲ្យដឹងទៀតថា រាជារដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា តាមរយៈយុទ្ឋសាស្រ្ត ចតុកោណដំណាក់កាលទី៤ មានចែងច្បាស់ពីការ លើកស្ទួយវិស័យឯកជន រួមទំាងការគំាពារសហគ្រាសធុនតូច និងមធ្យម និងចាត់ទុកជាសរសរទ្រូងមួយ នៃការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី ម៉ែន សំអន បានគូសបញ្ជាក់ថា មានកាលានុវត្តន៍ភាពធ្វើអាជីវកម្ម បានរីកចម្រើនក៏ដោយសារ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានលក្ខណៈបើកទូលាយ សេរី មិនមានការរឹតត្បិត ហើយដែលសំខាន់គឺ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៏ ប្រកបដោយនីរន្តភាព។

រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រូបនេះ បានបញ្ជាក់ផងដែរថា «បើប្រទេសជាតិមានសន្តិភាព ប្រជាជនមានឱកាសសិក្សា រៀនសូត្រ បង្កើននូវជំនាញថ្មីៗ ហើយមានឱកាសប្រើប្រាស់ជំនាញនោះ ក្នុងមុខរបរអាជីកម្មរបស់ខ្លួនផងដែរ ដូច្នេះកត្តាសន្តិភាព គឺជាកត្តាសំខាន់បំផុត»។