ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
បែកធ្លាយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានឲ្យកែអត្តចរិក
Mon,01 October 2018 (Time 12:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 985នាក់)

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានរឿងអាស្រូវ ស្អុយ អាសោច បញ្ច្រាសខ្យល់ មានទាំងកាសែត វេបសាយ និងទូរទស្សន៍ផ្សាយជាបន្តបន្ទាប់ ជុំវិញរឿងពុករលួយ របស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ នាពេលកន្លងមក មេសាខារូបនេះបាន ដឹកនាំបែបបក្ខពួកនិយម គៀបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខណ្ឌ ឲ្យទៅពិនិត្យរទេះ ពិនិត្យ ឡានតាមផ្លូវ រួចទៅជួលជនស៊ីវិល ដែលជាសាច់ ញាតិខ្លួន២នាក់ ឲ្យមកធ្វើការជំនួស ។

ភាពមិនប្រក្រតីនេះ បានធ្វើឲ្យមន្ត្រីក្រោមឱវាទជាច្រើន សម្តែងការមិនពេញចិត្ត គឺមកពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរំលោភលើការងាររបស់ខ្លួន ធ្វើការមិនបានអនុវត្តតាមប្រកាសរបស់ក្រសួង និងតាមឋានានុក្រម ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា៖ សព្វថ្ងៃនេះ សាន វិជ្ជាសារ៉ាវុធ បានរៀបយុទ្ធសាស្ត្រ ១ខែ ចុះត្រួតពិនិត្យតាមផ្សារ ឲ្យបាន២ដង ដើម្បីយករូបភាព សកម្មភាព ធ្វើរបាយការណ៍ រាយការណ៍ ជូនថ្នាក់លើ ។ សកម្មភាពទាំង នេះ ត្រូវបានគេដឹងថា គឺជាការធ្វើឡើងដើម្បីបិទបាំង រឿងអាស្រូវរបស់ខ្លួន បង្ក្រាបអ្នករកស៊ីតូចតាច ឃុបឃិតជាមួយឈ្មួញធំៗ ក្រុមហ៊ុនធំៗ នាំចូលទំនិញ ផលិតផល ខូចគុណ ភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ សាច់មាន់ ខូចគុណភាព និងប្រហិតគ្រប់ប្រភេទ បង្កប់ក្នុងរទេះទំនិញ ដោយក្រោមរូបភាពថ្មី ដាក់ក្នុងកេះស្នោរ រឺក្រដាស់ មានទាំងគ្រឿងក្នុងជ្រូក សាច់និងឆ្អឹងមាន់ នាំចូលពីថៃ មកកម្ពុជា តាមច្រកប៉ោយប៉ែត ដើម្បីយកទៅលក់ ចែក ចាយបន្តតាមបណ្តាខេត្តនានា។

ក្រោយពីកាសែត វេបសាយ ក្នុងស្រុកជាច្រើន បានចុះផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ គេបានឃើញវត្តមាន លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីកាំកុងត្រូល នៅស្នាក់ការកាំកុងត្រូលច្រកប៉ោយប៉ែត។

ក្នុងជំនួបប្រជុំនោះ លោក ម៉ក់ ពេជ្ជរឹទ្ធ បានព្រមានយ៉ាងចាស់ដៃ ចំពោះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្តបន្ទាយមានជ័យថា៖ លោកទុកពេលឲ្យ១ សប្តាហ៍ ឲ្យកែប្រែ ការដឹកនាំ ពង្រឹង ការងារឡើងវិញ ត្រូវសាមគ្គីគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យកូនចៅ (មន្ត្រីក្រោមឱវាទធ្វើវិញ តាមឋានុក្រម)។

លោក ម៉ក់ ពេជ្ជរឹទ្ធ ថា សព្វថ្ងៃនេះ ការងារកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្លាក់ខ្សោយណាស់ ហើយបទល្មើសខុសច្បាប់ របស់របរឈ្មួញលួចបង្កប់ទំនិញខូចគុណភាពកើនឡើងពេញបន្ទុក រាល់ពេល សមត្ថកិច្ចតាមបណ្តាខេត្ត ដូចជាខេត្ត បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ចាប់បានសាច់មាន់ ប្រហិត និងទំនិញខូចគុណភាព ពេលសួរនាំឈ្មួញ តែងតែឆ្លើយថា នាំចូលពីថៃ តាមច្រកប៉ោយប៉ែតតែរហូត បើអសមត្ថភាព គួរតែដឹងខ្លួនហើយ។

ប្រភពបានបញ្ជាក់ថា កន្លងទៅ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ តែងតែមានអំនួត អួតអាងតាំងខ្លួនដូចមហាទេព ស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេ យកឈ្មោះអ្នកធំនេះ អ្នកធំនោះ មក ប្រើប្រាស់ គៀបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់ របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានៈស្មើអគ្គនាយក ហើយការឃុបឃិតជាមួយឈ្មួញដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង ១០០ បាត ១ថ្ងៃ មានឡានពី៣០០គ្រឿង ទៅ៥០០គ្រឿង អីចឹងមានន័យថា គ្រាន់តែ ១ថ្ងៃ លោកប្រធានសាខា កាំកុងត្រូលរូបនេះ អាចរកចំណូលក្រោមតុ ពីឈ្មួញបានរាប់ម៉ឺនបាត (ប្រាក់ថៃ) ។ ចំណូលទាំងនោះ លោក សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថា មួយចំនួនគឺ ទុកដោះស្រាយអង្គភាព មួយ ចំនួនទៀត គឺចិញ្ចឹមមេកើយរបស់ខ្លួន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងយកលុយមួយចំនួនជួយបក្ស។

គេសង្ស័យថា ព្រោះតែមានខ្នងក្រាស់ និងខ្សែធំបែបនេះហើយមើលទៅ បានជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើព្យុះធ្វើភ្លៀង ឃុបឃិតជាមួយឈ្មួញ អត់ច្បាប់លួចដឹកទំនិញ តាមច្រករបៀង ខណៈពេលដែល ប្រភពពីអ្នកមានច្បាប់ មួយបានលើកឡើង។

ហើយនាពេលកន្លងទៅនេះ ក៏បានបើកដៃឱ្យឈ្មួញ នាំចូលទំនិញខូចគុណភាព ចូលពីថៃទាំងយប់ ទាំងថ្ងៃ និងដាក់កូនចៅរាប់ក្បាលឡានយកលុយ យ៉ាងរំភើយ មិនខ្វល់ពីការប៉ះពាល់សុខុមាលភាព ប្រជាពលរដ្ឋឡើយ។

ពាក់ពន្ធ័ករណីនេះ អ្នកសារព័ត៌មានយើង បានខលទៅសម្ភាសផងដែរ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ តែគួរឲ្យសោកស្តាយ ទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ ៕