ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងសួរសុខទុក្ខនិស្សិតខ្មែរ៤៦៨នាក់នៅទីក្រុងប៉េកាំង
Mon,21 January 2019 (Time 10:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 118នាក់)

ប៉េកាំង ៖ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។
ក្មួយៗនិស្សិតមានសេចក្តីសប្បាយរីករាយក្រៃលែង ដែលមានឱកាសបានជួប សម្តេចតេជោ ប្រមុខដឹកនាំ ដោយផ្ទាល់ ដែលជានិច្ចជាកាលលោកតែងតែឆ្លៀតយកពេលវេលាដោយមិនគិតពីការនឿយហត់ ដើម្បីជួបជុំសួរសុខទុក្ខកូនក្មួយជានិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសចិន។
សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាទស្សនកិច្ចផ្លូវការលើកទី៦ ហើយដែលសម្តេច បានអញ្ជើញមកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូលទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរិតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំខ្ពស់ឡើងថែមទៀត។
នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១.២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន ១,៣០០ លាននាក់។
ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។