ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
នគរបាលអន្តោប្រវេសន៍ដកហូតឯកសារ មិនប្រក្រតីពីជនបរទេស​ជាង៧ម៉ឺននាក់ ​ក្នុងនោះវៀតណាម៩០​ភាគរយ
Wed,23 January 2019 (Time 07:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 117នាក់)

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ មន្រ្តីនគរបាលអន្តោប្រវេសន៍ បានដកហូតឯកសារមិនប្រក្រតីពីជនបរទេសបានជាង ប្រាំពីរម៉ឺននាក់ មកពី៥សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមមានរហូតដល់ជាង៩០ភាគរយ ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ កិច្ចប្រជុំស្តីពីការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានលើកឡើងថា ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗបាន ចំនួន ៧៣.០០០នាក់ មកពី៥សញ្ជាតិ រយៈពេលបួនឆ្នាំកន្លងមកនេះ ហើយពួកគេក៏ត្រូវបានចាប់បញ្ជូនទៅប្រទេសគេវិញជាបន្តបន្ទាប់ផងដែរ។ ដោយឡែកសម្រាប់ជនជាតិវៀតណាម ដែលរស់នៅលើទឹកខេត្តកំពង់ឆ្នាំង ក៏ត្រូវបានធ្វើការដោះស្រាយជាបន្តបន្ទាប់ផងដែរ ដើម្បីសំអាតទឹកឲ្យស្អាត និងរៀបចំសោភ័ណ្ឌភាពឡើងវិញ ខណៈការរៀបចំរហូតដល់បច្ចុប្បន្ននេះ បានចំនួនច្រើនហើយនោះ ។យោងតាមស្ថិតិ នៃការធ្វើជំរឿនឆ្នាំ២០១៦ តួលេខជនបរទេសអន្តោប្រវេសន៍ សរុបមាន ចំនួន ៤៦.៧៧៦គ្រួសារ មនុស្សចំនួន ១៧៦.៨១២នាក់ (ស្រី៧៩.៧២៨) អាយុ១៨ឆ្នាំឡើងចំនួន ១២១.៤០៥នាក់ (ស្រី៥២.៧៥៤នាក់)។យ៉ាងណាក៏ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានអះអាងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាបោសសំអាតឲ្យអស់ចំពោះជនបរទេសណា ដែលរស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់និងកាន់កាប់នូវឯកសារក្លែងក្លាយឲ្យអស់មួយរយភាគរយនៅក្នុងពាក់កណ្តាលឆ្នាំ២០១៩នេះតែម្តង៕