ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ស៊ីប៊ីអ៊ិន ធីវីអនឡាញ , ព័ត៌មានពិតក្នុងដៃអ្នក!
អ្នកកាសែត​ហ្វីលីពីនម្នាក់ដែល ចាប់ខ្លួនត្រូវ​បាន​អនុញ្ញាត ​ឲ្យនៅ​​ក្រៅឃុំ​ជា​បណ្តោះអាសន្ន
Fri,15 February 2019 (Time 08:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 105នាក់)

អ្នកកាសែត​ហ្វីលីពីនម្នាក់​ដែលសរសេររឿង​រិះគន់​ពីរបៀបដឹកនាំ​ប្រទេស​របស់​លោក​ឌុយទែរតេ​ ត្រូវបាន​អនុញ្ញាត​ឲ្យនៅ​ក្រៅឃុំ​ជាបណ្តោះអាសន្ននៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈនេះ​ បន្ទាប់ពី​ជាប់ឃុំឃាំង​រយៈពេល​មួយយប់​រួចមក​។ ការចាប់ខ្លួន​អ្នកកាសែត​នេះ​ បានធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ផ្ទុះ​ប្រតិកម្ម​ប្រឆាំង​និងថា​នេះ​ជា​យុទ្ធសាស្ត្រ​បង្ក្រាប​របស់​រដ្ឋាភិបាលហ្វីលីពីន​ទៅលើ​ក្រុមអ្នក​កាសែត​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​លោកប្រធានាធិបតីឌុយទែរតេ។ក្រោយ​ជាប់ឃុំឃាំង​រយៈពេល​មួយយប់​ ពោល​នៅ​យប់​ថ្ងៃពុធ​ ទី១៣ កុម្ភៈ​ អ្នកកាសែតប្រឆាំង​គឺ​អ្នកស្រី​ Ressa ត្រូវបាន​អាជ្ញាធរ​ហ្វីលីពីន​ សម្រេច​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ក្រោយ​បង់ប្រាក់ធានា​ចំនួន ១៩០០​ ដុល្លារសហរដ្ឋ​អាមេរិក​រួចម​ក។ការឃុំខ្លួន​អ្នកស្រី​ បានធ្វើឲ្យ​គេគិតថា​ វា​គឺ​ជាការ​គំរាមកំហែង​ និង​ដាក់សំពាធ​ របស់ក្រុមអ្នកមាន​អំណាច​ហ្វីលីពីន​ ទៅលើ​អ្នកស្រី ព្រមទាំង​វេបសាយ​ព័ត៌មាន​របស់​អ្នកស្រី​ផងដែរ។មួយវិញទៀត​ ការចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង​នៅពេលនេះ​ បានធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ បញ្ចេញ​ប្រតិកម្ម​រិះគន់​ជាខ្លាំង​។ ជាក់ស្តែង​ តំណាង​គណៈកម្មការ​ការពារ​អ្នកការសែត​ ដែលមាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​និយាយថា​ ចំណាត់ការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ គឺ​មិនអាច​ទទួលយក​បាន​ទាល់តែ​សោះឡើយ​ ហើយ​បានទាមទារឲ្យ​ អាជ្ញាធរ​ដោះលែង​អ្នកស្រី Ressa​ ឲ្យមាន​សេរីភាព​ពេញលេញ​ និង​បញ្ឃប់​នូវ​រាល់​ការធ្វើទុក្ខបុកម្នេញ​ទៅលើ​ក្រុមអ្នកកាសែត​ប្រឆាំង​។ទាក់ទងរឿងនេះដែរ​ អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ Twitter​ ថា​ ការ​ចាប់ខ្លួន​អ្នកការសែត​ប្រឆាំង​អ្នកស្រី​ Ressa​ ពី​សំណាក់​រដ្ឋាភិបាល​ហ្វីលីពីន​ គឺជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ​ ហើយ​គ្រប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​គួរមាន​ចំណាត់កា​រឆ្លើយតប​ទៅនឹង​ទង្វើបែបនេះ​។សូម​រំឭកជូនថា​ ស្ថិត​នៅ​ក្នុង​វ័យ៥៥ ឆ្នាំ​ អ្នកស្រី​ Ressa ​គឺជា​អ្នកកាសែត​ចាស់វស្សា​ម្នាក់​ នៅគ្រាកន្លងមក​ អ្នកស្រី​តែងតែ​សរសេរ​ព័ត៌មាន​រិះគន់​ រដ្ឋាភិបាល​ហ្វីលីពីន​។ ជាពិសេស​រឿងដែល​គេ​ឧស្សាហ៍​ឃើញ​អ្នកស្រី​ចុះផ្សាយ​គឺ​ពាក់ព័ន្ធនឹង​គោលនយោបាយ​កណ្តាប់ដៃដែក​របស់​លោក​ប្រធានាធិបតី​ ឌុយទែរតេ ក្នុងការ​បង្ក្រាប​ការជួញដូរគ្រឿងញៀន​។