ព័ត៌មានជាតិ

គណៈកម្មការទី៨ នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារី បានអញ្ជើញជួបប្រជុំ សំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ ដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន នៅក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងបានបន្តពង្រឹងពង្រីក និងលើកម្ពស់នៃការអភិវឌ្ឍន៍សង្គមកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន ការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាល សាធារណៈ និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល សម្រាប់ប្រយោជន៍សហគមន៍ និងប្រជាជនក្នុងមូលដ្ឋាន។

ឯកឧត្តមបន្តថា ក្នុងវិស័យនៃសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃរដ្ឋសភាខេត្តស្ទឹងត្រែង បានពង្រឹងវិស័យបម្រើសេវាថែទាំ និងព្យាបាលជំងឺបានយ៉ាងល្អប្រសើរ និងបានបណ្តុះបណ្តាលនិស្សិតក្នុងគិលានុបដ្ឋាក ទប់ស្កាត់ការប្រយុទ្ធប្រឆាងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព  ។ ក្នុងនោះ ខេត្តបានគ្រប់គ្រងមុxសញ្ញាបេឡាជាតិរបបសន្តិសុខសង្គមបាន៣៩៦នាក់ មានអ្នកក្នុងបន្ទុកចំនួន៤៣៩នាក់និងមុខសញ្ញាក្នុងបន្ទុក១៧៤០នាក់ ខេត្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្តី្រមានផ្ទៃពោះ កុមារក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩ ចំនួន៨៨២៣គ្រួសារ និងស្ត្រី កុមារដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ចំនួន៣២០៥នាក់ បានធ្វើស្ថិតិអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើរសុំអំឡុងកូវីដ-១៩ មាន២៤៣៤គ្រួសារ ខេត្តបានពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញរយៈពេលខ្លី និងមធ្យម ព្រមទាំងបានអនុវត្តផ្តល់សេវាថែទាំងសុខភាព តាម ប.ស.ស ដល់កម្មករនិយោជិគ មន្ត្រីរាជការ និវត្តន៍ជន អតីតយុទ្ធជន និងស្ត្រីជាប្រចាំ និងបានលើកកម្ពស់សមភាពយេនឌ័រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន តាមរយះការគាំទ្រ កិច្ចអន្តរាគមន៍ ការបណ្តុះបណ្តាលលើជំនាញមូលដ្ឋាន។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទារការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាក៏បានមានប្រសាសន៍ដែរថា ការជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងនាពេលនេះ គឺជាបេសកកម្មចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តច្បាប់   និងគោលនយោបាយ ក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

លោកជំទាវបន្តថា កិច្ចការសំខាន់ដែលគណៈកម្មាការទី៨ចង់ដឹងនោះគឺ វឌ្ឍនភាពនៃការអភិវឌ្ឍន៍ និងការអនុវត្តកម្មវិធីគោលនយោបាលរាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្តស្ទឹងត្រែងដែលមានការពាក់ព័ន្ធ និងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា និងការសំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការកត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការអនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកជំទាវ ក៏បានជំរុញដល់រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង លើកិច្ចការរបស់ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *