ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញប្រាប់ម្ចាស់បុរីត្រូវសហការជាមួយសមត្ថកិច្ចឲ្យបានល្អដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងបុរីក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដមស្នងការ ស្នងការរងនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និងតំណាងបុរីទាំងអស់ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ដើម្បីចូលរួមឱ្យឃុំ-សង្កាត់ មានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានចោរកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងបុរីទាំងអស់ ត្រូវមានកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចបងប្អូនរស់នៅក្នុងបុរី ប្រកបដោយមានទំនុកចិត្ត និងមានផាសុខភាពទាំងការរស់នៅទាំងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភំ្នពេញ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះ មានភាពស្មុគស្មាញការកើតឡើងនូវបទល្មើសនានាមួយចំនួន ដែលទាមទារឲ្យភាគីទំាង២ មានកិច្ចសហការជាមួយគ្នាទ្វេរដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី។ តាមការវាយតម្លៃ ក្នុងកិច្ចកិច្ចពិភាក្សាក៏បានណែនាំដល់ម្ចាស់បុរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត លើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាមេរ៉ាសុវត្ថិភាព ត្រូវមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។

បន្ថែមលើនេះ ឯកឧត្តមបានស្នើឲ្យម្ចាស់បុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវមានឡានពន្លត់អគ្គិភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានី នឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ការអនុគ្រោះពន្ធនាំចូលនូវឡានអគ្គីភ័យទាំងនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យនៅក្នុងបុរី។ ឯកឧត្តមថា កន្លងមកឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ គឺបុរី ម៉េង ហួត និងនៅកោះពេជ្រ តែងបានចេញឡានទឹកមកជួយអន្តរាគមន៍នៅខាងក្រៅ ពេលមានអគ្គីភ័យកើតឡើងម្តងៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងបុរី និងដើម្បីរកចំណូលឲ្យខាងបុរីផងដែរ។ ចំណុចនេះ លោកក៏បានស្នើឲ្យម្ចាស់បុរីដែលមិនមានច្បាប់សន្តិសុខឯកជន ត្រូវទៅបំពេញច្បាប់ ហើយបុរីក៏ត្រូវមានសណ្តាប់ធ្នាប់ រៀបចំប្រព័ន្ធចរាចរណ៍ឲ្យបានល្អ ជៀសវាងបង្កគ្រោះថ្នាក់ចរាចរ។

បើតាមឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានឲ្យដឹងថា នៅភ្នំពេញ មានភា្នក់ងារសន្តិសុខឯកជនចំនួន១២,០៦៨នាក់ ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន កំពុងដំណើរការមានចំនួន១៩១ក្រុមហ៊ុន មានភ្នាក់ងារសន្តិសុខឯកជនចំនួន ៦,៣៨៨នាក់ ស្មើនឹង១,៤៣៦គោលដៅ។ ដោយឡែក សហគ្រាសគ្រឹះស្ថាន៨៨២គ្រឹះស្ថាន មានភ្នាក់ងារសន្តិសុខឯកជន ចំនួន៥,៦៨០នាក់ ស្មើនឹង៨៨២គោលដៅ។

ឯកឧត្តមឧត្តមសេនីយ៍បន្តទៀតថា ចំពោះការងារប្រតិបត្តិការ ក្រុមការងារទទួលបានទិន្នន័យបុរី នៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែង បានត្រឹមតែ១២៥បុរីតែប៉ុណ្ណោះ ដោយបុរីមួយចំនួន បានបោះបង់ និងមួយចំនួនទៀត កំពុងសាងសង់មិនបានប្រើប្រាស់ភ្នាក់ងារឯកជន ហើយក្នុងចំនួន១២៥បុរីនេះ មានចំនួនខ្នងផ្ទះចំនួន៧០,១៦២ខ្នង លើផ្ទៃដី៣,៧៩១ហិកតា និងមានភ្នាក់ងារសន្តិសុខឯកជន ចំនួន១,១៨២នាក់៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *