ព័ត៌មានជាតិ

អង្គភាពទ័ពចំនួន០៣បន្ថែមទៀត បន្តទទួលបានអំណោយពីឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភអង្គភាពទ័ពចំនួន៣ ក្នុងនោះ កងឯកភាព កងកិត្តិយស ត្រែទ័ព ចំណុះទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ នូវរថយន្ត Pick-Up ០១គ្រឿង កងពលតូចថ្មើរជើងលេខ៥៣ ទទួលបានជាសម្ភារគ្រឿងសំណង់ និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ក៏ទទួលបានសម្ភារបរិក្ខាការិយាល័យមួយចំនួនផងដែរ។ អំណោយទាំងនេះត្រូវបានធ្វើពិធីប្រគល់-ទទួល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

មេបញ្ជាការកងឯកភាព កងកិត្តិយសត្រែទ័ព ឧត្តមសេនីយ៍ទោ សុខ គន្ធា បានឱ្យដឹងថា អង្គភាពបានទទួលរថយន្ត Pick-Up ចំនួន ០១ គឿងម៉ាក(NISSAN FRONTIER)។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់រថយន្ត ថ្មីមួយគ្រឿងនេះ ដើម្បីជាមធ្យោបាយសម្រាប់ដឹកនាំក្បួនរថយន្តកងកិត្តិយសត្រែទ័ព រាល់ពេលចុះបំពេញបេសកម្មនៅតាមបណ្តាគោលដៅពិធីផ្លូវការនានាទូទាំងប្រទេស។ លោកថា នេះជាការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះកិច្ចការងាររបស់កងទ័ព ដល់គ្រប់បណ្តាអង្គភាពមិនថាកំរិតណានោះឡើយ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន។

នៅក្នុងថ្ងៃជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មាណែត និងលោកជំទាវ ក៏បានឧបត្ថម្ភ ជួយដល់អង្គភាព កងពលតូចថ្មើរជើងលេខ៥៣ ក្នុងការកងសាងសំណង់អគាររបស់អង្គភាព។ សម្ភារដែលទទួលបានស័ង្កសី១០០០សន្លឹក ស៊ីម៉ងត៍៣០តោន និងដែកសរសៃ៥តោន ខណៈដែលតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ក៏ទទួលបានម៉ាស៊ីនកុំព្យូទ័រ០២គ្រឿង ម៉ាស៊ីនព្រីនធ័រ០២គ្រឿង ម៉ាស៊ីថតចម្លង០១គ្រឿងសម្រាប់ប្រើប្រាស់បម្រើឱ្យការងាររដ្ឋបាល នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ផងដែរ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើនគាំទ្រដល់កិច្ចការងារ ការពារជាតិ និងការពារបូរណភាពទឹកដី ការគិតគូរពីប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក បានធ្វើឱ្យយោធិនគ្រប់បណ្តាអង្គភាព កាន់តែមានភាពកក់ក្តៅ និង អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ប្រកបដោយ ឆន្ទៈមោះមុតក្នុងការរក្សាសុខសន្តិភាព និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *