ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ៖ ការផ្លាស់ប្តូរតួនាទី និងភារកិច្ចគឺជាលក្ខខណ្ឌដ៏ចាំបាច់ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរតួនាទី និងភារកិច្ចគឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ។

ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាមន្រ្តីរាជការក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការកសាងស្ថាប័នរដ្ឋឲ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពទាមទារចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាព ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងពង្រឹងអភិបាលកិច្ច ហើយការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឈានទៅធ្វើការប្រកួតប្រជែងជាលក្ខណអន្តរជាតិ ពិសេសក្នុងពេលដែលកម្ពុជាឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ក្នុងនាមក្រសួង និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូរ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងឯកភាពតាមសំណើរបស់ក្រសួងដើម្បីតែងតាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមួយចំនួនទៀតក្នុងបំណងចូលរួមអភិវឌ្ឍវិស័យកសិកម្ម តាមរយ:ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងារនៅតាមអង្គភាពជំនាញនីមួយៗឲ្យកាន់តែល្អប្រសើរឡើង។

បន្ថែមលើនេះ ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩- ២០២៣) និងជាពិសេសដើរទៅដល់គោលដៅ និងសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកចំណុចសំខាន់ៗមកជម្រាបជូនអង្គពិធីទាំងមូល និងដោយឡែកមន្រ្តីដែលទើបតែងតាំងថ្មីយកទៅធ្វើជាគន្លឹះក្នុងការដឹកនាំ ការគ្រប់គ្រង បម្រើការ និងដោះស្រាយបញ្ហាដែលអាចកើតមានឡើងទាំងនៅមូលដ្ឋាន និងនៅអង្គភាពរបស់ខ្លួនផ្ទាល់ ដែលចំណុខទាំងនោះមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

ទី១- មន្រ្តីកសិកម្មត្រូវចុះមូលដ្ឋានដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បម្រើ និងដោះស្រាយបញ្ហាប្រជាកសិករឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព គ្រប់កាលៈទេសៈ និងហេតុការណ៍ដែលកើតឡើងជាយថាហេតុក្នុងវិបត្តិនៃកូវីដ-១៩នេះ។

ទី២-បន្តផ្ទេរបច្ចេកទេសទំនើប ផ្សព្វផ្សាយពូជសត្វ ត្រី និងដំណាំសមស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព និងការប្រកួតប្រជែង ដើម្បីលើកកម្ពស់សមត្ថភាពផលិត ធានាបានបរិមាណ គុណភាព និងសុវត្ថិភាព។ ត្រូវបង្កើតឱ្យមានយន្តការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ពង្រឹងការងារស្រាជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជា មួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ។

ទី៣-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទដទៃទៀត ត្រូវមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំង អស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេល។

ទី៤-អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ អគ្គនាយកដ្ឋានកៅស៊ូ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាពអនុវត្តគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា ជាពិសេសផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងអនុសាសន៍ទាំង១១ចំណុចរបស់ក្រសួងឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ទី៥-ពិនិត្យឡើងវិញការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមាន: ប្រព័ន្ធស្រោចស្រប ផ្លូវ អគ្គិសនី អគាររដ្ឋបាល អគារស្នាក់នៅ អគារបណ្តុះបណ្តាល ឃ្លាំងស្តុកគ្រាប់ពូជ ជាពិសេសធនធានមនុស្ស។ល។ នៅតាមកសិដ្ឋាន ស្ថានីយពិសោធន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្មទាំងអស់ ដើម្បីលើកកម្ពស់ ឬប្រែក្លាយកន្លែងទាំងអស់នោះទៅជាមជ្ឈមណ្ឌលឧត្តមភាពលើការងារស្រាវជ្រាវ បង្កាត់ រក្សា និងអភិរក្សាពូជដំណាំ ពូជ សត្វ ពូជត្រី ផលិតចំណី ស្រាវជ្រាវជំងឺ និងសត្វល្អិតចង្រៃ ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាកសិករឲ្យយល់ដឹងបន្ថែម យកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសមស្រប។

ទី៦-ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវអនុវត្តក្រមសីលធម៌មន្ត្រីរាជការ ការគ្រប់គ្រងដឹកនាំក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល អនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។ យកចិត្តទុកដាក់ និងពុះពារជម្នះនូវឧបសគ្គ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។

ទី៧- ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញលើរាល់កម្មវត្ថុនៃគម្រោងនានា ធ្វើយ៉ាងណាឲ្យសមស្របតាមស្ថានភាព និងសេចក្តីត្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករនៅមូលដ្ឋានក្នុងកាលៈទេសៈនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ពិនិត្យឡើងវិញនូវគោលការណ៍នាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ត្រី និងធាតុចូលកសិកម្មគ្រប់ប្រភេទ ធ្វើយ៉ាងណាចៀសវាងផលប៉ះពាល់ឬដាក់បន្ទុកបន្ថែមលើផលិតកម្មក្នុងស្រុក៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *