ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន២០១៦ -២០៣០ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យនៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លី សាមិ សមាជិក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរផែនការរាជធានី-ខេត្តចំនួន១៣ មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថា ការបើកវគ្គសិក្ខាសាលានាពេលនេះ ក្នុងគោលបំណង ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈ ការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយ ជាពិសេស មន្រី្តមន្ទីរផែនការថ្នាក់រាជធានី-ខេត្ត មន្រី្តរាជការតាមមន្ទីរជំនាញ ព្រមទាំងសង្គមស៊ីវិល យល់ដឹងបន្ថែមទៀតអំពីទស្សនទាន និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដែលបានរំលេចនៅក្នុងគោលនយោបាយជាតិ ផែនការនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាផែនការនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាផង ដោយផ្សារភ្ជាប់ទៅនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍ ជាពិសេស បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ និងឌីណាមិកប្រជាជន ដែលកំពុងនិងបន្តកើតមានឥតឈប់ឈរ ដូចជាបញ្ហាប្រឈមនៃសុខភាពបន្តពូជរបស់យុវវ័យនិងក្មេងស្រី ការកើនឡើងនៃប្រជាជនវ័យចាស់ ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម បញ្ហាយុវជននិងការអប់រំ និងកម្លាំងពលកម្ម ជាដើម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមស្វែងយល់ និងពិភាក្សាឲ្យបានផុលផុសនិងស៊ីជម្រៅទៅលើខ្លឹមសារនៃបទបង្ហាញនីមួយៗ ដើម្បីទាញយកអត្ថប្រយោជន៍ និងស្វែងយល់បន្ថែមអំពីបញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យនៅប្រទេសកម្ពុជា ដែលអាចផ្សារភ្ជាប់ទៅនឹងស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ ជាពិសេស ខេត្តដែលមានបញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យ ដែលទាំងនេះជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងគិតគូរឲ្យបានម៉ត់ចត់ ក្នុងការរៀបចំផែនការ សម្រាប់ពេលរយៈពេលមធ្យម និងរយៈពេលវែង។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា ការបើកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងបន្ថែមទៅដល់មន្ត្រីផែនការទាំងអស់ ឲ្យមានធនធានសមត្ថភាព ដើម្បីចេះរៀបចំ ការកសាងផែនការអភិវឌ្ឍន៍មួយដ៏ជាក់លាក់លើគ្រប់វិស័យ។ ឯកឧត្តមបានបន្ថែមថា សូចនាករនៃអាត្រាភាពក្រីក្រ តាមទិន្នន័យមូលដ្ឋានបានបង្ហាញថាអាត្រាភាពក្រីក្រថយចុះពី២១%នៅឆ្នាំ២០១៤ មកនៅត្រឹម១៨.៥%ឆ្នាំ២០១៧។ នៅឆ្នាំ២០២០នេះ អត្រាភាពក្រីក្រមានការកើនឡើងដោយសារការរីករាលដាលដោយជម្ងឺកូវីដ-១៩ ធ្វើឲ្យអាត្រាភាពក្រីក្រនៅក្នុងខេត្តកើនឡើងវិញមានប្រមាណ២៣.៤៣% នែគ្រួសារ សរុបក្នុងខេត្ត៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *