ព័ត៌មានជាតិ

សម្ដេចស​ខេង​​បានអញ្ជើញ​ចូលរួមដង្ហែរព្រះម​ហាក្សត្រព្រះ​អង្គស្ដេចយាងប្រា​រព្ធព្រះរា​ជពិធីប្រទាន​ភ្លើងទៀនជ័យបុណ្យខួប​​អនុស្សាវរីយ៍​ជា​តិលើកទី​៦៧​នៃទិវាឯករា​ជ្យជា​តិ

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រារព្ធព្រះរាជពិធីប្រទានភ្លើងទៀនជ័យ បុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកានិងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជពីធីនេះមានអញ្ចើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ព្រះញាតិវង្សានុវង្ស, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា, មន្រ្តីរាជការ, កងកម្លាំង, និងប្រជាពលរដ្ឋជាមហាជនជាច្រើនរូបទៀត។
សូមបញ្ជាក់ថាក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះបិតាឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យយ៉ាងពេញលេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយពីទទួលបានឯករាជ្យ ព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាព្រះអគ្គមគ្គុទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមនៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្ត្រនិយម សហគមន៍អន្តរជាតិបានប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជាថា ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *