ព័ត៌មានជាតិ

អភិបាលខេត្តជំរុញឲ្យវរការពារព្រំដែនពង្រឹងការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមដើម្បីការពារការឆ្លងជំងឺកូវីដ១៩

ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវបានជំរុញដល់វរការពារព្រំដែនរួមនិងអភិបាលស្រុកដែលជាប់ព្រំដែន ត្រូវពង្រឹងការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីធ្វើយ៉ាងណាការពារការឆ្លងការរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យចូលមកក្នុងខេត្តរបស់យើង។

ថ្លែងក្នុងកិច្ចប្រជុំ ស្ដីពីការទប់ស្កាត់ បញ្ហាការរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី នាព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា ដោយយោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវបទបញ្ជា និងវិធានការនានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយថ្មីៗនេះប្រទេសវៀតណាមកំពុងតែរងការរាតត្បាតដោយជំងឺកូវីដ១៩ ដែលបណ្ដាលអោយមានមនុស្សស្លាប់ និងមានអ្នកឆ្លងជាច្រើននាក់បាន ដោយសារជំងឺនេះ។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ទៀតថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះបុណ្យចូលឆ្នាំចិន វៀតណាមនិងខិតជិតមកដល់ ដូច្នេះនិងមានភ្ញៀវទេសចរណ៍ជាច្រើនឆ្លងកាត់បន្ទាត់ព្រំដែន ដែលនេះបញ្ហាដែលខាងវរការពារព្រំដែន រួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ទាំងខ្មែរ និងភ្ញៀវទេសចរណ៍បរទេស ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវ វាស់កម្ដៅ លាងសំអាតដៃជាមួយអាល់កុល ទាំងចេញ និងចូល ព្រមទាំងត្រូវបាញ់ថ្នាំលើរថយន្តដើម្បីសំលាប់មេរោគ ហើយបើសិនខាងមន្រ្តីជំនាញមន្ទីសុខាភិបាលខេត្ត ពិនិត្យឃើញមានភ្ញៀវទេសចរណ៍ ណាម្នាក់មានអាការៈខុសប្រក្រតីត្រូវ បញ្ជូនគាត់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានស្នើរអោយអាជ្ញាធរស្រុកជាប់ព្រំដែនទាំង០៣ ត្រូវបន្តចុះត្រួតពិនិត្រមើលការបោះតង់របស់ជនជាតិវៀតណាម ដែលបោះនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមដែលស្ថិតក្រោមរូបភាពការពារការរីករាលនៃជំងឺកូវីដ១៩ ដើម្បីធានាអោយបានកិច្ចសហប្រតិបត្តិការព្រំដែន រវាងភាគីប្រទេសកម្ពុជា និងប្រទេសវៀតណាម៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *