ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមអនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានសាខាធនាគារជាតិខេត្តព្រះសីហនុ លោកលោកស្រី តំណាងធនាគារពាក់ព័ន្ធផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងសមុទ្រ នៅផ្សារលើ ចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩រួចមក រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចផ្អាកជា បណ្តោះអាសន្ននូវតូបលក់ដូរ ចំនួន៣៦តូប ដោយមិនបិទផ្សារទាំងមូលនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពី ការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា យើងត្រូវបង្កើនទស្សនៈជឿនលឿន ដោយជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋរបស់ យើង ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺមានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារទាំងអំពើលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ដាក់ចេញនូវវិធានការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ដូចខាងក្រោម៖
-ស្នើសុំលោកលោកស្រី តំណាងធនាគារពាក់ព័ន្ធ ផ្តល់ទិន្នន័យអាជីវករផ្សារលើ ដែលកំពុងប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងទូទាត់ថ្លៃទំនិញ និងជម្រុញអាជីវករផ្សេងៗទៀតចូលរួមប្រើប្រាស់ឱ្យបានលើសពី៧០ភាគរយឡើងទៅ
-ជម្រុញបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដោយពន្យល់គាត់អំពីសារប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ និងចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *