ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារទីចាត់ការ ១ខ្នង កម្ពស់ ២ជាន់ មាន ១៥បន្ទប់ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារទីចាត់ការ ១ខ្នង កម្ពស់ ២ជាន់ មាន ១៥បន្ទប់ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានករអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់់ពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច បានស្នើអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបម្រើប្រជាជន នៅតាមមូលដ្ឋាន តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខ័ណ្ឌ និងបានអំពាវនាវដល់គ្រប់សាលារៀនយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរព និងចេះប្រើពាក្យសំដី និងអាកប្បកិរិយាគួរសមចំពោះមនុស្សគ្រប់រូប។

 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសមេឃុំ-ចៅ សង្កាត់ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ ត្រូវតែរួមគ្នាឱ្យកាន់តែសកម្មថែមទៀត ក្នុងការបម្រើប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លួនតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានលក្ខខ័ណ្ឌ។ សម្តេចវិបុលសេនាភក្តី ក៏បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹងអំពីអ្វីដែលខុស និងអ្វីដែលត្រូវ មានគំនិតច្នៃប្រឌិតចេះគោរព និងចេះប្រើពាក្យសំដី និងអាកប្បកិរិយាគួរសមចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និងចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយ វិស័យអប់រំរបស់ប្រទេសជាតិទាំងមូល។ សូមឱ្យស្មារតីនៃកិច្ចខិតខំប្រឹងប្រែងនេះបន្ត កើតមានជានិរន្តរ៍ ដើម្បីបុព្វហេតុ នៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា៖ កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជា ឈរលេខរៀងទី២ ជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបជនរួមជាតិរួចហើយថា ទោះបីចាក់ដូសជំរុញដល់លើកទី១០ ឬក៏លើកទី២០ ក៏រាជរដ្ឋាភិបាលនៅតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែរ។

 

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់ មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។

 

វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ មានទំហំផ្ទៃក្រឡាសរុប ២៧.៩៨៤,១៣ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្នុងកម្រិតអនុវិទ្យាល័យ មានឈ្មោះដើមថា អនុវិទ្យាល័យជ្រោយចង្វារ។

 

ចំពោះអគារទីចាត់ការថ្មី ១ខ្នង ដែលសម្ពោធដាក់អោយប្រើប្រាសនេះជា សមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្ដល់ជូន វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍធនធានមនុស្ស និងពង្រីកការផ្តល់សេវាអប់រំក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ឱ្យកាន់តែប្រសើរឡើង ក្នុងនោះលក្ខណៈបច្ចេកទេស នៃការសាងសង់អគាររដ្ឋបាលថ្មីនេះ មានចំនួន ១៥បន្ទប់ កម្ពស់ ២ជាន់ មានទំហំទទឹងប្រវែង ៩,៧ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់ការដ្ឋានជាស្ថាពរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ គម្រោងនេះ ចំណាយអស់ថវិកាសាងសង់ចំនួន ២៥០.០០០$ (ម្ភៃប្រាំម៉ឺនដុល្លារអាមេរិក) ដែលជាអំណោយ ដ៏សប្បុរសរបស់ លោកឧកញ៉ា លៀង ផន និងលោកជំទាវ លីម ណារី ព្រមទាំងសប្បុរសជនលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់នៃវិទ្យាល័យនេះ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *