ព័ត៌មានជាតិ

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិចំនួន ២០០គ្រួសារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចំនួន ៣ឃុំ ស្មើនឹង ២០០គ្រួសារ។ គួរបញ្ជាក់ផងដែរថា ពិធីនេះប្រព្រឹត្តទៅ ចំនួនពីរតាំង ដោយ ទីតាំងទី ១ នៅភូមិណាអូង ឃុំអូរស្វាយចំនួន១៣០គ្រួសារ និងទីតាំងទី២ នៅភូមិអូរស្វាយ​ ចំនួន៧០គ្រួសារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា÷ អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។

  • សូមបញ្ជាក់ផងដែរ÷ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារ ក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ៕
cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *