ព័ត៌មានជាតិ

ប្រឡាយ​ជា​ប្រព័ន្ធ​បង្ហូរទឹក​ដ៏មានសារៈសំខាន់សម្រាប់អ្នកទីក្រុងនិង​​ជនបទ​

ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​ប្រឡាយ​ជា​ប្រព័ន្ធ​បង្ហូរទឹក​មាន​សារៈប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​ជនបទ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​។​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​វិញ​ប្រឡាយ​ជា​ប្រព័ន្ធ​បង្ហូរទឹក​ក៏មាន​សារៈសំខាន់​ខ្លាំង​ណាស់ដែរ​ដោយ​វា​អាច​រំដោះ​ទឹក​លិចលង់​លំនៅស្ថាន​។​

ការបញ្ជាក់​បែបនេះ​រប​ស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​ខណៈ​ដែរ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានីយ​បូមទឹក​លូ​ប្រាំ​និង​ប្រឡាយ​បង្ហូរ​ទឹកលូ​ប្រាំ​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​និង​ប្រឡាយ​នានា​ក្នុង​ខណ្ឌដង្កោ​។​

លោក​បញ្ជាក់​ផងដែរ​ថា​៖​ជា​ជំហរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង​នឹង​បង្កើត​ឲ្យ​មាន​ក្រុមការងារ​មួយ​ដែលមាន​ការចូលរួម​ពី​ការិយាល័យ​សូ​រិ​យោ​ដី​ខណ្ឌ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដើម្បី​ចុះ​បាញ់ថ្នាំ​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់​នឹងធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ​ដែល​រំលោភ​ប្រឡាយ​ខាងលើ​អោយ​រុះរើ​ចេញ​។​

​បើតាម​ការបញ្ជាក់​ទី​អាជ្ញាធរ​មូលដ្ឋាន​ថា​៖​ប្រឡាយ​លូ​ប្រាំ​នេះ​មាន​ទទឹង​៥០​ម៉ែត្រ​ដោយ​ទុក​ផ្លូវ​សងខាង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក​ចំនួន​ជាង​១០០​គ្រួសារ​ដោយ​ក្នុងនោះ​នៅ​ភូមិ​ឬ​ស្សី​១​សង្កាត់​ស្ទឹងមានជ័យ​៣​ចំនួន​៣៥​គ្រួសារ​និង​ភូមិ​ឬ​ស្សី​២​ចំនួន​៧៦​គ្រួសារ​។​ពួកគាត់​ទាំងនេះ​បាន​សង់​លំនៅស្ថាន​រំលោភ​នៅលើ​តួ​ប្រឡាយ​តែម្ដង​។​

គួរ​បញ្ជាក់ថា​៖​ស្ថានីយ៍​បូមទឹក​លូ​៥​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី​ចំណុចប្រសព្វ​៣​ខណ្ឌ​គឺ​ខណ្ឌមានជ័យ​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ខណ្ឌដង្កោ​។​ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន​នៅក្នុង​ខណ្ឌ​ទាំង​៣​នេះ​តែម្តង​។​

ក្នុងនោះដែរ​លោក​ដួង​ចាន់​សារ៉ាត់​ប្រធាន​អង្គភាព​លូទឹក​បូមទឹក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ស្ថានីយ៍​បូមទឹក​លូ​៥​នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​បូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលានយន្តហោះ​តំបន់​ចោមចៅ​តំបន់​ត្រពាំង​ថ្លឹង​ភូមិ​គោក​បញ្ជាន់​តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​តំបន់​ថ្មគោល​ផ្លូវ​២០០៤​និង​មួយផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា​ខាងត្បូង​មហាវិថី​សហព័ន្ធរុស្ស៊ី​ដែលមាន​ទំហំ​ផ្ទៃ​រងទឹក​ភ្លៀង​រហូតដល់​១០២៨​ហិកតា​។

​លោក​បន្តថា​៖​ស្ថានីយ៍​បូមទឹក​លូ​៥​សាងសង់​ឡើងជា​អគារ​ថ្មី​មាន​បណ្តោយ​១៨,៩​ម៉ែត្រ​ទទឹង​១០,៩​ម៉ែត្រ បំពាក់​បំពង់ បូមទឹក​៤​គ្រឿង ក្នុងនោះ​បំពង់​មុខកាត់​៨​តឹក​២​គ្រឿង​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង​។​ដែល​អាចមាន​សម​ត្ថិ​ភាព​បូម​ទឹកបាន​៥​ម៉ែត្រគុប​ក្នុង​មួយ​វិនាទី​និង​ស្មើ​និង​២៨.៨០០​ម៉ែត្រគុប​ក្នុង​១​ម៉ោង​។​ប្រឡាយ​នេះ​នាំ​ទឹក​ហូរ​ទៅ​ប្រឡាយ​ភូមិ​ម័​រ បន្តទៅ​ជើងឯក និង​បន្តទៅ​ស្ទឹង​ជ្រៅ ខេត្តកណ្តាល​ទើប​ហូរ​ចូល​ទន្លេបាសាក់​៕

    

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *