ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឯក សំអូន ប្រាប់នាយទាហានថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ណែនាំដល់នាយទាហាន នាយទាហានរង ពលទាហានត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សារសុវត្ថិភាព និងអ្នកនៅជុំវិញខ្លួន ត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវតែចៀសឆ្ងាយពីគ្រឿងញៀន បើរកឃើញមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរទ័ព។

ការណែនាំរបស់ឧត្តមសេនីយ៍ឯកបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានជំរុញដល់យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗមកបង្ហាត់បង្រៀនដល់សិក្ខាកាមឱ្យងាយយល់ ឆាប់ចេះ និងធានាបានគុណភាពហ្វឹកហ្វឺន។ ជាមួយគ្នានោះសិក្ខាកាមទាំងអស់ក៏ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តល់ការណែនាំដល់យោធិន ត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ពិសេសត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប់ជាប្រចាំ បង្ការក្នុងយថាហេតុណាមួយ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

តាមរបាយការណ៍បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នាពេលនេះនឹងត្រូវបញ្ចប់រហូតដល់ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០២០ ផ្តោតលើមុខវិជ្ជាយុទ្ធវិធីថ្មើរជើង អប់រំចិត្តសាស្ត្រ និងយោធារួម៕

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *