ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ ៖ ការប្រើប្រាស់អំបិលអ៊ីយ៉ូដមានការធ្លាក់ចុះខ្លាំងបង្កឱ្យមានការព្រួយបារម្ភ

ខេត្តសៀមរាប ៖ ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេធិការក្រសួងផែនការបានថ្លែងថា ចំនួនគ្រួសារដែលប្រើប្រាស់អំបិលអ៊ីយ៉ូដ មានការធ្លាក់ជាចុះខ្លាំងបើប្រៀបធៀបពីចន្លោះឆ្នាំ២០១០ មាន៨២.៧% ឯចន្លោះឆ្នាំ២០១៤ មកបច្ចុប្បន្នមានត្រឹម ៦៨.៩% តែប៉ុណ្ណោះ ជាសញ្ញាមួយបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង។

ឯកឧត្តមថ្លែងបែបនេះក្នុងសិក្ខាសាលា ផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដពង្រឹង និងពង្រឹងអនុក្រឹត្យលេខ៦៩ ស្តីពីការគ្រប់គ្រងអំបិលអ៊ីយូដ នាព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២០។ ឯកឧត្តមថា បច្ចុប្បន្ននៅលើទីផ្សារកម្ពុជាកំពុងតែមានវត្តមាន អំបិលដែលគ្មានជាតិអ៊ីយ៉ូដដាក់លក់យ៉ាងអនាធិបតេយ្យ បំពានទាំងស្រុងទៅលើបទប្បញ្ញត្តិចែងក្នុងអនុក្រឹត្យលេខ៦៩។

ឯកឧត្តមបន្តថា ដើម្បីលុបបំបាត់ការធ្លាក់ចុះការប្រើប្រាស់ជាតិអ៊ីយ៉ូដនេះ គណៈកម្មការអន្តរក្រសួងបានដាក់ចេញនៅផែនការជាក់លាក់មួយចំនួនដូចជា បង្កើនការផលិតអំបិលអ៊ីយ៉ូដឱ្យបានស្របតាមតម្រូវការប្រើប្រាស់ បង្កើនការប្រាស់ប្រាស់ជាតិអ៊ីយ៉ូដតាមគ្រួសារឱ្យបានកម្រិតខ្ពស់ ផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដឱ្យបានច្រើន និងទប់ស្កាត់ការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដពីប្រទេសជិតខាងជាដើម។

ឯកឧត្តមបន្តទៀតថា ទោះបីជាមានការត្រួតពិនិត្យពីសមត្ថិច្ចកាំកុងត្រូល និងពីភ្នាក់ងារមានសមត្ថកិច្ចពាក់ព័ន្ធខ្លះ ប៉ុន្តែសកម្មភាពទាំងនោះហាក់ដូចជាពុំទាន់បានស្រួចស្រាល់ និងស៊ីជម្រៅនៅឡើយ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពចរាចរអំបិលគ្មានជាតិអ៊ីយ៉ូដ ក្នុងទីផ្សារកម្ពុជា កាន់តែកើតឡើងគួរឲ្យព្រួយបារម្ភប៉ះពាល់ដល់ស្ថេរភាព នៃកម្មវិធីរបស់រាជរដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ ជាក់ស្តែងសកម្មភាពនាំចូលដោយលួចលាក់ ក៏ដូចជាចំហនូវអំបិលគ្មានជាតិអ៊ីយ៉ូដខុសច្បាប់តាមច្រកព្រំដែន។

ដោយឡែកលោក ពិន ប្រាដក អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងបីទៀតគឺ បញ្ហាកង្វះប្រូតេអ៊ីន និងថាមពល កង្វះជីវជាតិអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដបានបង្កឲ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្តាលឲ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមក វានឹងធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ជាដើម។

លោក ពិន ប្រាដក បានជំរុញឱ្យមន្ទីរ អង្គភាពជំនាញក្នុងខេត្តសៀមរាប ចុះត្រួតពិនិត្យគុណភាពអំបិលអ៊ីយ៉ូដ នៅកន្លែងផលិត និងនៅលើទីផ្សាជាប្រចាំ បន្តត្រួតពិនិត្យការប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រួមទាំងអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ ធ្វើការណែនាំអាជីវករ ពីស្លាកសញ្ញាអំបិលអ៊ីយ៉ូដថ្មីឲ្យមានប្រសិទ្ធភាព និងអំពាវនាវឱ្យអាជីវករបញ្ឈប់ការបញ្ជាទិញអំបិលគ្មានជាតិអ៊ីយ៉ូដ យកមកដាក់លក់នៅលើទីផ្សារបន្តទៀត៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *