ព័ត៌មានជាតិ

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត

ខេត្តស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី នាំយកអំណោយមនុស្សធម៌របស់អនុសាខា ចុះសួរសុខទុក្ខនិងផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយមានកូន ៤ នាក់ក្នុងបន្ទុកមានជំងឺប្រចាំកាយឈ្មោះ យ៉ាន់ ចន្ថា អាយុ ៤០ ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ។

នាឱកាសនោះលោក ណុប ចំរើន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ហើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជាក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ។

លោក ណុប ចំរើន បានផ្តាំផ្ញើបន្ថែមសូមឲ្យបងស្រីព្យាយាមលេបថ្នាំតាមវេជ្ជបញ្ជារ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។

អំណោយដែលបានចែកផ្តល់ជូនរួមមាន៖អង្ករ ៣០ គ.ក្រ ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅ១ឡូ ស្ករស១ គ.ក្រ ទឹកត្រី៦ដប កាធុនអាលុយមីញ៉ូម១ កាធុនជ័រ១ ឆ្នាំងបាយ១ បំពង់ទឹកក្ដៅ១ ធុងទឹកកក១ កំសៀវទឹក១ ចានស្រាក់១ ខ្ទះឆា១ មុង១ ភួយ១ ខ្នើយ១ កន្ទេលបត់១ កន្ថោនោម១ ថវិកា ៥០.០០០រៀល និងថវិកាលោក ណុប ចំរើន ចំនួន៥០.០០០ រៀល ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *