ព័ត៌មានជាតិ

លោកជំទាវ ពៅ សុភាព ដឹកនាំក្រុមការងារសាខា យុវជន និងអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ៧ កើត ខែចេត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារសាខា យុវជន និងអ្នកស្ម័គ្រចិត្ត  ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង ត្រង់ចំណុច រង្វង់មូលផ្លូវហាយវ៉េមុខមន្ទីរអប់រំខេត្ត នៅមុខវិទ្យាល័យស្វាយរៀង និងនៅភ្លើងស្តុបសួនតាឌី មានអ្នកចូលរួម សរុបចំនួន៥៥០នាក់ ស្រី៣៧០នាក់។

ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានចែកម៉ាស់ ខិត្តបណ្ណផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន៧៥០បណ្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក ចំនួន៧៥០បណ្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន៧៥០បណ្ណ (សរុបអស់ម៉ាស់ចំនួន១.៨៥០សន្លឹក ខិត្តបណ្ណផ្សព្វផ្សាយកូវីដ-១៩ សរុបចំនួន២.៤៥០បណ្ណ) ព្រមទាំងបានផ្សព្វផ្សាយសារ អប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិត្យស្តីពីវិធានការសុខាភិបាលដើម្បី ទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសម្លេងតាមរថយន្ត នៅតាមទីប្រជុំជននានាក្នុងខេត្ត។

ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក ។

លោកជំទាវក៏បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការ ព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុង សហគមន៍ ហេតុនេះក្នុងនាមជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានយកចិត្តទុក្ខដាក់ ជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំ ផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និង នៅតាមគ្រឹះស្ថានសិក្សាព្រោះដូចយើងទាំងអស់គ្នាបានដឹង ហើយ ថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្ន ខ្ពស់ បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ។

ជាមួយគ្នានេះដែរ លោកជំទាវ ពៅ សុភាព ក៏បានថ្លែងអំណរគុណ និងសូមសរសើរចំពោះក្រុមការងារទាំងអស់ ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន មិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ លោកជំទាវ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ ការពារ និង ៣ កុំ និងចូលរួមពិនិត្យកំដៅ លាងដៃឱ្យបាន គ្រប់គ្នា៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *