ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល បញ្ជាឲ្យផ្អាកដំណើរការបណ្ដោះអាសន្នផ្សារបឹងខ្យាង ​​

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ ជាបណ្ដោះអាសន្ន ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមផេក របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបង្ហោះសារនៅយប់ថ្ងៃទី០៨ ខែធ្នូ នេះ។

ការបិទដំណើរការផ្សារខាងលើនេះ ក្រោយពីអភិបាលខេត្តកណ្ដាល ប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះត្រួតពិនិត្យ និងបញ្ជារឲ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី​ អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្ដាលស្ទឹង។

យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។

ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមអញ្ជើញទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *