ព័ត៌មានជាតិ

អាមេរិក​ប្រកាសរឹតបន្តឹង​ការធ្វើដំណើរ​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​

​វ៉ាស៊ីនតោន ៖ សេត​វិមាន​កាលពី​ថ្ងៃអាទិត្យ​នេះ​បានប្រកាស​ពី​ការ​រឹតត្បិត​ការធ្វើដំណើរ​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​បន្ទាប់ពីប្រទេសនេះ​បាន​ក្លាយជា​ប្រទេស​ដែលមាន​ចំនួន​ឆ្លង​កូ​វិ​១៩​ច្រើន​បំផុត​លំដាប់​ទី​២​នៅលើ​ពិភពលោក​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ីន​ហួរ​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“​ថ្ងៃនេះ លោក​ប្រធានាធិបតី​លោក Donald Trump បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ប្រទេស​របស់​យើង​។ អ្នក​ទាំងឡាយណា ដែក​ធ្លាប់​ស្នាក់នៅ​ប្រេ​ស៊ី​ល នៅក្នុង​រយៈពេល ១៤​ថ្ងៃ​ចុង​ក្រោយនេះ នឹង​មិនអាច​ចូលមកក្នុង​សហរដ្ឋអាមេរិក​បានទេ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​សកម្មភាព​នេះ​នឹង​អាច​ទប់ស្កាត់​ជនបរទេស​ដែល​បាន​ស្ថិតនៅ​ក្នុងប្រទេស​ប្រេ​ស៊ី​ល មិន​ឲ្យ​ឆ្លង​បន្ថែមទៀត​នៅក្នុង​ប្រទេស​របស់​យើង​ដោយ​កត់សម្គាល់ថា​វិធានការណ៍​នេះ​នឹងមិន​អនុវត្ត​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឡើយ ខណៈ​ការអនុវត្តន៍​នេះ​នឹង​ចាប់ផ្តើម ពីថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ​។​

​សូមជម្រាបថា គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ​ប្រទេស​ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង COVID-19 សរុប ៣៦៣,៦១៨​ករណី ក្នុងនោះ​ស្លាប់ ២២,៧១៦​នាក់ និង​ជាសះស្បើយ ១៤៩,៩១១​នាក់ ខណៈ​សហរដ្ឋអាមេរិក​វិញ មាន​អ្នក​ឆ្លង​រហូតដល់ ១.៦៨​លាន​នាក់​ឯណោះ​៕

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *