ព័ត៌មានជាតិ

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន២នាក់ទៀត និងរកឃើញករណីឆ្លងថ្មី២នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៧នាក់ និងរកឃើញករណីឆ្លងថ្មី២នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

ករណីជាសះស្បើយមាន២នាក់ ៖ បុរសជនជាតិម៉ាឡេស៊ី២នាក់ មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារ សាសនានៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។

ករណីរកឃើញវីរុសកូរីដ១៩ថ្មី២នាក់ ៖

ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

បុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើបម្រើការនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែក្រោម៕

 

cbn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *